(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ១៥កើត ពេញបូណ៌មី ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តមភរិយា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសាសនាអភិសេកព្រះបដិមាដែលបានធ្វើមាតុភូមិនិវត្តន៍វិញ ហើយរក្សាទុកនៅ​សារមន្ទីរជាតិ។

ពិធីដ៏មានអត្ថន័យនោះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់តំណាង​គ្រប់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពិធីតាមបែបសាសនាដែលប្រារព្វធ្វើឡើងនៅរានហាល​មុខអគារសារមន្ទីរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ា​ណែត បានអញ្ជើញបូជាផ្កាភ្ញីទឹកអប់ប្រេងម៉្សៅទៀនធូបលើទីអសនៈទិសទាំង៤ ដែលរៀបចំ​នូវ​រណ្តាប់ផ្លែឈើនំចំណីយ៉ាងល្អវិចិត្រ ការប្រគុំតន្រ្តីប្រពៃណី ជាកិច្ចរំលឹកដល់គុណបុណ្យបារមីវត្ថុស័ក្តិ​សិទ្ធទេវតាថែរក្សាការពារសារមន្ទីរជាតិ ដើម្បីប្រោសព្រំដល់តេជៈបារមីថែរក្សាការពារ​ព្រះរាជា​ណាចក្រកម្ពុជា ក្រោមម្លប់ដ៏ត្តជាក់នៃអង្គព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈ និងរាជរដ្ឋា​ភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។

នៅក្នុងពិធីតាមបែបសាសនានោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញបូជា​ទៀន​ធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ នៅតាមអសនៈទាំងអស់ បូងសួងសុំសេចក្តី​សុខត្រជាក់​ត្រជុំ​ចម្រុងចម្រើននៅថ្ងៃ១៥កើតពេញបូណ៌មីនេះ កើតមានដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមសម​ប្រកបតែនិងសុខសុភមង្គលវិបុលសុខគ្រប់ប្រការជានិច្ចនិរន្តរ៍តរៀងទៅកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ ចាប់តាំងពីពេលនេះតរៀងទៅ។

សារមន្ទីរជាតិ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិ​សាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាក និងភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ជាង១ម៉ឺន ៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។ សារមន្ទីរជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

អគារសារមន្ទីរដែលត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មប្រាសាទខ្មែរ ត្រូវបានសាងសង់នៅ​ចន្លោះ​ឆ្នាំ១៩១៧ និងឆ្នាំ១៩២៤ ក្នុងរាជ្យរបស់ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ។ សារមន្ទីរនេះត្រូវ​បាន​សម្ពោធជាផ្លូវការនៅឆ្នាំ១៩២០ ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៦៨។ សារមន្ទីរជាតិ ជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ចំណាស់និងធំបំផុត ក៏ជាសារមន្ទីរប្រវត្តិសាស្ត្រ បុរាណវត្ថុឈានមុខគេរបស់ប្រទេសកម្ពុជាផងដែរ។ សារមន្ទីរនេះមានបណ្តុំសិល្បៈខ្មែរដ៏ធំបំផុតមួយរបស់ពិភពលោក រួមទាំងចម្លាក់ វត្ថុមានតម្លៃ លង្ហិន និងស្ថាបត្យកម្មមួយចំនួនត្រូវបានរក្សាទុកនៅឯសារមន្ទីរជាតិនេះ។

នៅក្នុងពីធីតាមបែបសាសនានោះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវ​បណ្ឌិត អញ្ជើញថ្វាយផ្កាភ្ញី និងទឹកអប់ប្រេងម៉្សៅប្រកបដោយគុណពិដោរ នៅតាមព្រះបដិ​មាតូច​ធំ​ក្នុងសារមន្ទីរជាតិ ពិសេសព្រះបដិមាវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤កន្លងទៅ នៅវិមានសន្តិភាព។ ការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបាន​ប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុស​ច្បាប់ទៅ​ក្រៅប្រទេស។

ការយាងត្រឡប់មកវិញ នៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង​ជាប់មិន​ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័ន​រដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋា​ភិបាល​​សហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើប​អង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។

សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូប ដែលកម្ពុជាទទួលកាលពីពេលថ្មីកន្លងមកនេះ តាមរយៈការ​ប្រគល់​ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់​មកវិញពី គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានា នៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។

សូមបញ្ជាក់ដែរថា ក្រោមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រយៈពេលជិត៣០ឆ្នាំមកនេះ ពោលគិតចាប់ពីពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១,០៩៨ វត្ថុ (ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន១៥ ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ស្ទ័រវេស និងចិន។

បន្ទាប់មកសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត លោក លោកស្រី ជាឥស្សរជន​​ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម​ក្នុង​ពិធី​អភិសេក​ព្រះបដិមា និងបួងសុំសេចក្តីសុខ សេចក្តីចំរើន ជូនដល់ប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំ​របស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចប្រធាន​ថេរសភាសង្ឃ សម្តេចព្រះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង ព្រះសារីរិកធាតុសត្ថាចារ្យ សម្តេចព្រះមេគុណគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈជាច្រើនអង្គ។

សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះមង្គលទេព្វាចារ្យ សម្តេចព្រះរាជាគណៈគ្រប់អង្គ ប្រោស​ព្រំ​ពុទ្ធជ័យមង្គលវិបុលសុខគ្រប់ប្រការ ដល់ដួងព្រលឹងនៃព្រះបដិមាគ្រប់អង្គដែលបានវិល​ត្រឡប់ពីបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់នៅក្នុងសារមន្ទីរជាតិ សូមបារមីព្រះបដិមាគ្រប់អង្គគង់ប្រថាប់ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាថ្មីឡើងវិញនេះ សូមតាមឃុំគ្រងបីបាចើថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា សមប្រកបតែសេចក្តីសុខ សេចក្តីចំរើន ក្រោមម្លប់សន្តិភាពជាយូរអង្វែង ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារទាំងអស់ រស់នៅរកស៊ីទទួលទានត្រជាក់ត្រជុំថ្កើនថ្កាន និងរួចចាកផុតទុកពីទោសទុក្ខផងទាំងពួងចាប់ពីថ្ងៃនេះតរៀងទៅ កុំបីភ្លាំងភ្លាត់ដោយប្រការណាមួយ។

តាមរយៈអំណាចផល្លាអនិសង្ឃនេះដែរ សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះមង្គលទេព្វាចារ្យ សម្តេចព្រះរាជាគណៈគ្រប់អង្គ បានចំរើនពរជូនសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត សូមមានតេជៈបារមីខ្លាំងពូកែ ដើម្បីដឹកនាំនាវាកម្ពុជាកាន់តែរីកចំរើនទ្វេឡើងថែមទៀត ចាប់តាំងពីពេលនេះតរៀងទៅ៕