(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ ដែលបង្កឡើងពីការបំពុលដោយប្លាស្ទិក។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញ ចូលរួមទស្សនាកប៉ាល់ Plastic Odyssey ប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក និងជួបសំណេះសមណាលជាមួយនាវិក នាររសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ព្រមទាំងក្រុមការងារនៃកប៉ាល់ Plastic Odyssey ជាច្រើននាក់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កប៉ាល់ Plastic Odyssey បានចូលរួមផ្សព្វផ្សាយ ពីបញ្ហាប្លាស្ទិកដល់ប្រជាពលរដ្ឋ នៅលើពិភពលោកថាបញ្ហាប្លាស្ទិកបង្កគ្រោះថ្នាក់ដល់សុខភាព ដល់អាយុជីវិត ដល់បរិស្ថានទាំងមូលតែម្តង។ ការចូលចតកប៉ាល់ Plastic Odyssey នៅកម្ពុជា ក្នុងការធ្វើដំណើរជុំវិញពិភពលោក ពីប្រទេសបារាំង ឆ្លងកាត់ទៅ អឺរ៉ុប អាហ្រ្វិកនិងអាស៊ី ពីប្រទេសជប៉ុន មកឥណ្ឌូណេស៊ី សិង្ហបុរី និងមកកម្ពុជា នាពេលនេះ បានចូលរួមដោះរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ដោយធ្វើការកែច្នៃប្លាស្ទិកធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗទៀតបាន ជាជាងយកទៅបោះចោល ដល់ប្រជាជនលើពិភពលោក។

លោករដ្ឋមន្រ្តីថ្លែងអំណរគុណដល់ក្រុមការងារកប៉ាល់ទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក ស្របនឹងភាពស្អាត ដែលជាសសរស្តម្ភទី១ ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ តាមរយៈការអនុវត្តភាពស្អាត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ជាបន្តបន្ទាប់ មិនត្រឹមតែការសម្អាតអនាម័យបរិស្ថាន នៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ប៉ុណ្ណោះទេ យុទ្ធនាការរបស់ក្រសួងបរិស្ថាន ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលក្នុងនោះយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ពេលនេះ មានការចូលរួមពីសិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ជាង៩,៥លាន នាក់នៅទូទាំងប្រទេសកម្ពុជា។

បន្ទាប់មកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី ក្នុង១ថ្ងៃ ក្នុង១សប្តាហ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ យុទ្ធនាករបាននិងកំពុងមានការចូលរួមពីប្រជាពលរដ្ឋជាង២,៥លាននាក់។

ក្រសួងបរិស្ថាននឹងបន្តយុទ្ធនាការជំហានទី៣ គឺការញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដែលបានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្ត និងការកែប្រែជាទម្លាប់ពីខ្មែរទូទាំងប្រទេស ដើម្បីកម្ពុជាចូលរួមទប់ស្កាត់ ការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក ទទួលបានជោគជ័យ។

គួរបញ្ជាក់ថា កប៉ាល់ Plastic Odyssey ចូលចត និងបំពេញការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើដំណើរបេសកកម្មកម្មនៅជុំវិញពិភពលោកអស់រយៈពេល២ឆ្នាំមកហើយ៕