(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស នឹងរៀបចំស្ដង់ចុះបញ្ជីសមាជិកចល័ត នៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីសម្រួលដល់ប្រពលរដ្ឋកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ប.ស.ស ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស នឹងរៀបចំស្តង់ចុះបញ្ជីសមាជិកចល័ត នៅខេត្តចំនួន៤ដូចជា៖ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និង ខេត្តតាកែវ។

សូមជម្រាបថា ក្រៅពីការចុះបញ្ជីសមាជិកចល័ត នៅតាមស្តង់នោះ ក៏មានកម្មវិធីទូរស័ព្ទដៃ របស់ ប.ស.ស. ដែលហៅថា “NSSF MEMBER APP” បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤កន្លងទៅ អាចជួយឱ្យសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជីបានដោយខ្លួនឯងបាន។

បច្ចុប្បន្ន ប.ស.ស មានសាខាទូទាំង ២៥ខេត្ត-ក្រុង បន្ថែមពីនេះ ក្រុមការងារ ប.ស.ស បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការពង្រីកវិសាលភាពជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល ។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ប័ណ្ណ ប.ស.ស ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការកាត់បន្ថយការចំណាយ និងទទួលបានការព្យាបាលយ៉ាងយកចិត្តទុករហូតបានជាសះស្បើយ។

ដើម្បីទទួលបានព័ត៌មានលម្អិត អាជីវករ យុវជន យុវវ័យ និងកូនៗក្នុងបន្ទុក សូមអញ្ជើញមកចុះឈ្មោះស្នើសុំប័ណ្ណសមាជិក ប.ស.ស. នៅស្ដង់ចុះបញ្ជីចល័ត ប.ស.ស. ដែលគ្រោងនឹងប្រព្រឹត្តទៅតាមទីតាំង និងកាលបរិច្ឆេទ ដូចក្នុងរូបភាពខាងក្រោម៖