(សៀមរាប)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៩ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោក LU Qizhi ប្រធានស្ថានកុងស៊ុលប្រចាំ ខេត្តសៀមរាប ជាសហប្រធានចិន និងលោក Vijay Shankar PRASAD លេខាទី២ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាសហប្រធានឥណ្ឌា។

កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៤ប្រទេស រួមមាន៖ បែលហ្សិក បារាំង ជប៉ុន និងសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិប្រមាណ១០០រូប និងចូលរួមតាមប្រព័ន្ធ Online ចំនួន ២២រូប ដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិ ព្រះវិហារ និងដៃគូអន្តរជាតិ។

ជាកិច្ចចាប់ផ្ដើម អង្គប្រជុំទាំងមូលបានសំដែងនូវការអបអរសាទរចំពោះការប្រារព្វខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ និងលើកទឹកចិត្តដល់រដ្ឋសមាជិក ICC-Preah Vihear និងដៃគូសហប្រតិបត្តិការជាតិនិងអន្តរជាតិ ពង្រីកវិសាលភាពការងារបន្ថែមទៀតនៅរមណីយដ្ឋានប្រាសាទកោះកេរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍បទបង្ហាញរបស់អ្នកជំនាញការជាតិ និងអន្តរជាតិ លើការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានទាំងពីររួច អង្គប្រជុំទាំងមូលបានធ្វើការកត់សម្គាល់លើវឌ្ឍនភាពការងាររបស់មន្ត្រីអាជ្ញាធរជាតិ ព្រះវិហារ លើការងារអភិរក្សប្រាសាទព្រះវិហារ រួមមាន៖

*ប្រទេសចិនបានបញ្ចប់ការសិក្សាបឋមលើហានិភ័យរចនាសម្ព័ន្ធគោបុរៈទី១ ទី២ និងទី៣ ហើយកំពុងរៀបចំផែនការដើម្បីធ្វើអន្តរាគមន៍។
*ប្រទេសឥណ្ឌាបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សិក្សាស៊ីជំរៅលើការរៀបចំផែនការគ្រប់គ្រងទឹក ការសិក្សាភូគព្ភសាស្ត្រ ការសិក្សាអំពីថ្មភ្នំនិងជម្រាលភ្នំធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការរៀបចំ ផែនការអភិរក្សគោបុរៈទី៥។
*សហរដ្ឋអាមេរិក បន្តជួយការជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ក្នុងដំណាក់កាលទី៤ ដែលកំពុងអនុវត្តដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ។ ក្រៅពីនេះ ដៃគូសហប្រតិបត្តិការអន្តរជាតិរបស់អាជ្ញាធរជាតិ ព្រះវិហារ គឺសាលាចុងបារាំងបូព៌ា បានបង្ហាញពីវឌ្ឍនភាពនៃការងារជួសជុលរូបបដិមាព្រះសិវៈរាំ និងវិទ្យាស្ថាន MPI របស់អាឡឺម៉ង់ បានបង្ហាញពីការរុករកប្រវត្តិនៃការតាំងទីលំនៅបុរាណកោះកេរ ដល់អង្គប្រជុំផងដែរ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍នូវចំណេះដឹង និងជំនាញអភិរក្សរបស់មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ចំពោះការអភិរក្សនិងជួសជុលប្រាសាទបល្ល័ង្គត្បូង និងប្រាសាទក្រចាប់ នៅរមណីយដ្ឋានកោះកេរ ស្របតាមគោលការណ៍អភិរក្សបេតិកភណ្ឌពិភពលោក ហើយបានស្នើឲ្យអាជ្ញាធរជាតិព្រះវិហារ បន្តពង្រីកក្រុមការងារអភិរក្សបន្ថែមទៀត ដើម្បីអន្តរាគមន៍ទាន់ពេលវេលាចំពោះប្រាសាទផ្សេងៗទៀត នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារនិងកោះកេរ ដែលមានចំនួនប្រាសាទច្រើនទៀតត្រូវការយកចិត្តទុកដាក់។

អង្គប្រជុំបានបញ្ចប់នៅម៉ោង ១៧:០០នាទី ដោយមានការបំពាក់មេដាយ និងគ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាល ជូនដល់អ្នកជំនាញការជាតិ និងអន្តរជាតិ ដែលបានជួយដល់ការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានទាំងពីរ ព្រមជាមួយថ្នាក់ដឹកនាំ មន្ត្រី ពលករ ភ្នាក់ងារទេសចរណ៍ និង សន្តិសុខអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន៤៥រូប។

អង្គប្រជុំបានឯកភាពគ្នាលើពេលវេលានៃកិច្ចប្រជុំពេញអង្គលើកទី១០ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅក្នុងសប្ដាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២៥ខាងមុខ៕