(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០២៤នេះ ក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ បានទទួលការអនុញ្ញាត ដើម្បីធ្វើបទបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួន ស្តីអំពីការរៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយលើកកម្ពស់ការផលិតប្រកបដោយគុណភាព​ មាននិរន្តរភាព ​និងតម្លៃសមរម្យផ្តល់ជូនអតិថិជន អ្នកលក់បន្ត ភោជនីយដ្ឋាន ​សណ្ឋាគារ នៅក្នុងប្រទេស​ និងក៏ដូចជាធ្វើការនាំចេញទៅក្រៅប្រទេស។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្តាក់ការកណ្តាលរបស់ធនាគារ ARDB ក្រោមអធិបតីភាពបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអក្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីរបស់ធនាគារ ARDB ។

នៅក្នុងការធ្វើបទបង្ហាញនោះផងដែរ, បណ្ឌិត កៅ ថាច បានផ្តល់ការណែនាំក៏ដូចជាគំាទ្រជាគោលការណ៍ និងជួយសម្របសម្រួលទំនាក់ទំនងរវាង អាណាចក្រផលិតផលខ្មែរ និងសហគមន៍ដំាបន្លែ ចិញ្ចឹមសត្វ ដែលជាអតិថិជនដៃគូរបស់ធនាគារ ARDB ដើម្បីសហការជំរុញលើគម្រោងការនេះ៕