(កំពង់ធំ)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សយុវជនកម្ពុជា សង្កាត់ស្រយ៉ូវ ចំនួន ១០រូប, បេក្ខជនក្រុមប្រឹក្សាគណបក្សខ្មែររួបរួមជាតិ ឃុំសាលាវិស័យ ចំនួន ៣រូប និងបេក្ខជនក្រុមប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឃុំទ្រា ចំនួន៦រូប សរុប ១៩រូប នៅខេត្តកំង់ធំ បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងសុំចូលរួមជាមួយបក្សប្រជាជនកម្ពុជា។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើបានប្រកាសគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ ពួកគាត់មើលឃើញថា កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចសហប្រតិបត្តិការណ៍មួយដ៏ល្អសម្រាប់ការអភិវឌ្ឍជាតិ ហើយគ្មានការគំរាមកំហែងសម្រាប់បូរណភាពទឹក ឬអធិបតេយ្យជាតិនោះឡើយ។ អតីតក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋាន ក៏បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ចាត់រាល់ចលនាទាំងឡាយ ដែលនាំមកនូវភាពវឹកវរក្នុងសង្គមតាមរយៈការញុះញង់របស់ក្រុមជនក្បត់ជាតិផងដែរ។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីគណបក្សដែលខ្លួនធ្លាប់រួមរស់ពួកគេក៏បានសុំការ អនុគ្រោះ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
ពេលនេះពួកគេ បានមើលឃើញច្បាស់ ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបប ប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាមបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕