(ភ្នំពេញ)៖ លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិអង្គការមូលនិធិអាស៊ី បានប្រកាសប្តេជ្ញាបន្តភាពជាដៃគូដូចដែលខ្លួនបានធ្វើក្នុងរយៈពេល៣០ឆ្នាំកន្លងមក ដើម្បីគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។
ការប្តេជ្ញារបស់លោកស្រី លូរាល់ មីលឺ បានធ្វើឡើងក្នុងពេលដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះលោកស្រីប្រធានអង្គការមូលនិធិអាស៊ី បានជម្រាបសម្ដេចធិបតីដោយសង្ខេបអំពីការងារសំខាន់ៗរបស់អង្គការមូលនិធិអាស៊ី ដែលបានប្រតិបត្តិនៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំកន្លងមក និងវឌ្ឍនភាពការងារនៃភាពជាដៃគូរបស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។
ដោយមានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា លោកស្រីនាយកប្រតិបត្តិបានប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាតទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រដល់ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានចែករំលែកអំពីអាទិភាព និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយដែលកម្មវិធីរបស់អង្គការមូលនិធិអាស៊ីនៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។
លោកស្រីនាយកប្រតិបត្តិក៏បានឯកភាពជាមួយសម្តេចធិបតីថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕