(សៀមរាប)៖ កម្ពុជា-ចិន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំវេទិកាទេសចរណ៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការស្តារឡើងវិញនូវទីផ្សារទេសចរណ៍ចិនមកកម្ពុជា» និងបញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍ ក្រោមវត្តមានរបស់លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Chen Cong ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា, លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និងទីភ្នាក់ងារទេសចរកម្ពុជា និងចិន ចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក ប្រាក់ ផាន់ណារ៉ា បានលើកឡើងថា ការរៀបចំវេទិកានេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខ រដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន និងបណ្តារដ្ឋបាលខេត្ត-ក្រុងនានារបស់ប្រទេសចិន ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និង ភាពជាក់ស្តែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើ វិស័យអាទិភាពមួយចំនួន ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជនផងដែរ។
លោកបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ ជាការពិត សុខសន្តិភាពធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជា «មាសបៃតង» របស់កម្ពុជា។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាបាលកម្ពុជា វិស័យទេសចរណ៍ មានការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ នៅមុនការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានរួមចំណែកប្រមាណជិត ១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។
លោក ប្រាក់ ផាន់ណារ៉ា បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលចូលរួមជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។ តាមការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រសួងទេសចរណ៍ បានកំណត់ចក្ខុវិស័យច្បាស់លាស់គឺ «ដើម្បីរួមចំណែកដល់ការលើកកម្ពស់ កិត្យានុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ»។
លោកបន្ថែមថា ដើម្បីសម្រេចចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍ បាននិងកំពុងកសាង និងធានាបាននូវស្ថានភាពអំណោយផលដល់កម្ពុជា ក្នុងការប្រែក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ឧត្តមភាព ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក៏ដូចជា ធានាប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារអន្តរវិស័យ និងតួអង្គពាក់ព័ន្ធ តាមរយៈការដាក់ចេញគំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ «បង្កើន៥ និងអភិវឌ្ឍ៣» ឬហៅកាត់ថា «BUILD+3DS» ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
លោក Chen Cong បានលើងឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាស្ម័គចិត្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ទេសចរណ៍ចិនជាដើម ស្រាវជ្រាវយន្តការការងារជាកញ្ចប់លើកទឹកចិត្តឱ្យភ្ញៀវ ទេសចរចិនមកទេសចរនៅកម្ពុជា ប្រើប្រាស់បណ្តេញកាន់តែច្រើនក្នុងការពង្រឹងការ ផ្សព្វផ្សាយណែនាំធនធានទេសចរចិន-កម្ពុជា បន្តជំរុញឱ្យទីក្រុង និងអាកាសចរណ៍ចិនបន្ថែមជើងហោះហើរផ្ទាល់ប្រទេសទាំងពីរ ព្រមទាំងគាំទ្រឱ្យភាគី កម្ពុជាទៅប្រទេសចិនរៀបចំកម្មវិធីផ្សព្វផ្សាយជំរុញទេសចរណ៍ ដើម្បីឱ្យប្រជាជន ចិនកាន់តែច្រើនបានលង់ស្នេហ៍ជាមួយមន្តស្នេហ៍ឥតដែនកំណត់របស់ ណាចក្រអច្ឆរិយៈ។
លោក Chen Cong បានបន្តថា ចាប់តាំងពីដើមឆ្នាំនេះមក ភាគីទាំងពីរបានសកម្មក្នុងការលើកទឹកចិត្តឱ្យប្រជា ជនរបស់ខ្លួនផ្លាស់ប្តូរទំនាក់ទំនងទៅវិញទៅមក ជំរុញជាបន្តបន្ទាប់ឱ្យការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង តាមរយៈការកម្មវិធីរៀបចំប្រតិភូមូលដ្ឋានមកទស្សនៈកិច្ច ការមកសម្ភាសន៍ព័ត៌មានរបស់អ្នកកាសែតល្បីឈ្មោះ រៀបចំកម្មវិធី "ពេលក្បាច់គុនសៅលីញបានជួបអង្គរវត្ត" ជាដើម។ ភាគីចិនស្ម័គ្ររួមដំណើរជាមួយភាគីកម្ពុជា បន្តជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគ្រប់វិស័យ ក្រោមក្របខណ្ឌឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើរតួនាទីសំខាន់ក្នុងការជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក ជិតស្និតនឹងគ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា-ចិន។
លោក ឌី រ៉ាដូ បានលើកឡើងថា ខេត្តសៀមរាបបានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងនៃសាធារណរដ្ឋប្រជាមានិតចិនចំនួន៣០ខេត្ត-ក្រុង។ វេទិការទេសចរណ៍កម្ពុជា-ចិន នាពេលនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួមសាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍ និងស្តារវិស័យទេសចរណ៍ឱ្យមានភាពល្អប្រសើរឡើង នាំមកនូវវិបុលភាព និងភាពចម្រើនជូនប្រជាជនរបស់ប្រទេសចិន និងប្រទេសកម្ពុជា។
ជាមួយនេះដែរ លោកក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា ជាពិសេសក្រសួង ទេសចរណ៍ដែលបានចូលរួមជំរុញការ អភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការទទួលបាននូវបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថេរភាព មិត្តភាព និងសុខដុមរមនាយូរអង្វែង ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកប ដោយចីរភាព និងភាពរុងរឿងរួមគ្នានៅក្នុងតំបន់ ក៏ដូចជា រួមគ្នាដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងបរិស្ថានដែលកំពុងប្រឈម៕