(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយលោក Omar Zniber ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រម៉ារ៉ុក ប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់ប្រទេសម៉ារ៉ុក ក្នុងការចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
នាឱកាសនោះ លោកបណ្ឌិត បានថ្លែងអំណរគុណដល់ប្រទេសម៉ារុក ដែលតែងតែគាំទ្រដល់អនុសញ្ញាអូតាវ៉ា និងបានគោរពតាមបទដ្ឋាន និងគោលការណ៍នានារបស់អនុសញ្ញា ទោះបីប្រទេសម៉ារ៉ុក មិនមែនជារដ្ឋភាគីអនុសញ្ញា ក៏ដោយ។
លោកបានគូសបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា បានខិតខំប្រឹងប្រែងកៀរគរប្រទេសដែលស្រលាញ់សន្តិភាព ឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីរួមគ្នាស្វែងរកសន្តិភាពជូនដល់ពិភពលោក ហើយក្នុងន័យនេះ លោកក៏បានលើកទឹកចិត្តដល់ប្រទេសម៉ារ៉ុក ឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពី ការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលកម្ពុជា បានដឹកនាំរៀបចំ។
លោកក៏បានលើកឡើងផងដែរថា កម្ពុជាបានដឹកនាំពិនិត្យលើការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ឆ្នាំ២០២០-២០២៤ និងបានរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ ២០២៥-២០២៩ ដោយសង្ឃឹមថា ផែនការថ្មីនេះ នឹងអាចជួយឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញាអូតាវ៉ា។
លោក Omar Zniber បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ា និងបានបង្ហាញឆន្ទៈក្នុងការបន្តគាំទ្រ និងគោរពតាមគោលការណ៍ និងបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។
សូមបញ្ជាក់ថា ទ្វីបអាហ្រ្វិកទាំងមូល នៅសល់ប្រទេសចំនួន៣ ដែលមិនទាន់បានចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រួមមាន៖ ប្រទេសម៉ារ៉ុក អេហ្ស៊ីប និងលីប៊ី។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជាបានខិតខំប្រឹងប្រែងកៀរគរ ប្រទេសទាំងបីឱ្យចូលរួមជារដ្ឋភាគី តាមរយៈសន្និសីទថ្នាក់តំបន់អាហ្វ្រិកនៅប្រទេសហ្គាណា ជំនួបទ្វេភាគី និងពហុភាគី ជាដើម៕