(ពោធិ៍សាត់)៖ ស្ដ្រីទើបសម្រាលកូនចំនួន ៧នាក់ និងត្រៀមសម្រាលកូនចំនួន ៣នាក់ នៅមណ្ឌលសុខភាព ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ដពោធិ៍សាត់ ដែលដឹកនាំដោយលោកស្រី អាំង សុជាតា ខូយរីដា។
លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្ដិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្ដពោធិ៍សាត់ បានថ្លែងថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បា នបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ។
«សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំយើងខ្ញុំឱ្យយកចិត្ដទុកដាក់ទៅលើសុខភាពស្ដ្រីជាមាតា ទារក និងកុមារ ដោយមិនឱ្យរំលងនោះឡើយ ព្រោះថាស្ដ្រីដែលចាប់មានផ្ទៃពោះតាំងពីខែដំបូង ត្រូវទៅពិនិត្យផ្ទៃពោះជាប្រចាំ ទៅតាមការកំណត់របស់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានា ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវយកចិត្ដទុកដាក់ចំពោះស្ដ្រីដែលមកសម្រាលកូន ព្រោះថាពេលសម្រាលកូនម្ដងៗ មានការលំបាកណាស់ ប្រឈមនឹងបញ្ហាជាច្រើន។ ទើបថ្ងៃនេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្ដពោធិ៍សាត់ បានចុះមកសួរសុខទុក្ខ ស្ដ្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ដ្រីទើបសម្រាលកូនរួចហើយចំនួន ១០នាក់ នៅមណ្ឌលសុខភាពសំរោង ដែលស្ថិតនៅក្នុងស្រុកភ្នំក្រវាញ ដែលជាមណ្ឌុលសុខភាព ដែលជាប់ចំណាត់ថ្នាក់លេខ ១នៅទូទាំងប្រទេស»។
សម្រាប់ការចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជួយសម្រាលជីវភាពរបស់ប្រជាពលរដ្ឋដែលទើបសម្រាលកូន និងត្រៀមសម្រាលកូននេះ គឺក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្ដពោធិ៍សាត់ គឺតែងតែធ្វើជាប្រចាំមិនដែលដាច់នោះឡើយនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ ជាពិសេសគឺបានចុះទៅអប់រំសុខភាពដល់ភូមិឃុំដែលមានប្រជាជនរស់នៅ ទោះនៅតាមទីតាំងដាច់ស្រយាលក៏ដោយ។
សម្រាប់អំណោយមនុស្សធម៌ ដែលបានយកមកជូនដល់ស្ដ្រីទើបសម្រាលកូនរួច ចំនួន ៧នាក់ខាងលើនេះ គឺទទួលបាននូវមុខមួយ សារ៉ុង១, បំពង់ទឹកក្ដៅ ១, ទឹកដោះគោខាប់ ២ កំប៉ុង, ស្កសរ ១គីឡូក្រាម, សាប៊ូម្សៅ ១ថង់, ម្សៅកូនង៉ា ១កំប៉ុង, ខោអាវក្មេង ២ឈុត និងថវិកា ៥ម៉ឺនរៀល។ ចំពោះស្ដ្រីត្រៀមសម្រាលកូន ចំនួន ៣នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូ, មុង ១, បំពង់ទឹកក្ដៅ ១, មី ១កេស, ត្រីខ ១យួរ និងថវិកា ៥ម៉ឺនរៀល ។ ចំណែកប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពសំរោងនេះ ក៏ទទួលបានអំណោយមនុស្សធម៌មួយចំនួនផងដែរ។
ក្នុងនោះលោកគ្រូ អ្នកគ្រូពេទ្យចំនួន ១៣នាក់ ដែលបម្រើសេវាសុខភាពជូនប្រជាជននៅមណ្ឌលសុខភាពសំរោង ក៏ទទួលបានការឧបត្ថម្ភជាថវិកាចំនួ ២ម៉ឺនរៀល សាប៊ូ១ដប និងសារ៉ុង ១ផងដែរ។ លើសពីនោះ លោកស្រី អាំង សុជាតា ខូយរីដា ក៏បានឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារអាមេរិក ដល់ស្ដ្រីក្រីក្រម្នាក់ ដែលមានកូនស្រីអាយុជាង ៦ខែ ហើយមានបញ្ហាសុខភាពរាងកាយ ដើម្បីបានថវិកានេះ គ្រាន់ទុកជាសាហុយសម្រាប់នាំកូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
ឆ្លៀតនៅក្នុងឱកាសនោះ ជំនួសមុខឱ្យលោក ខូយ រីដា អភិបាលខេត្ដពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សាខាខេត្ដពោធិ៍សាត់ លោកស្រី អាំង សុខជាតា ខូយរីដា បានថ្លែងកោតសរសើរដោយស្មោះអស់ពីចិត្ដ ដល់លោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពសំរោង ដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយខ្លាចនឿយហត់ ជារៀងរាល់ថ្ងៃ និង២៤ម៉ោង លើ២៤ ម៉ោង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពិសេសមានអនាម័យស្អាតជានិច្ច ពិតជាស័ក្ដិសមនឹងទទួលចំណាក់ថ្នាក់លេខ១៕