(វៀងច័ន្ទ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលើកទី ២០។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈរវាងអាស៊ាន និងសហភាពអឺរ៉ុប ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក បានចែករំលែកការប្រឈមនានា និងយុទ្ធសាស្ត្រដើម្បីដោះស្រាយការប្រឈមកំពុងលេចឡើង ដូចជា សំពាធអតិផរណា ការបង្អាក់ចំពោះពាណិជ្ជកម្មសកល ព្រមទាំងការបម្រែបម្រួលអាកាសធាតុ។ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះអាស៊ាន តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗ រួមទាំង ការកសាងសមត្ថភាព និងជំនួយបច្ចេកទេសនៅទូទាំងវិស័យសេដ្ឋកិច្ចរបស់អាស៊ាន។

បន្តមកទៀត លោកអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយរុស្ស៊ីលើកទី ១៣។ កិច្ចប្រជុំបានពិភាក្សារកវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងរុស្ស៊ី ក៏ដូចជា រវាងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ។ កិច្ចសន្ទនាសំដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈសកម្មភាពរួមគ្នា ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ការជំរុញទេសចរណ៍ បរិវត្តកម្មឌីជីថល កសិកម្ម ការផ្លាស់ប្តូរថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចច្នៃប្រឌិត ជាដើម។

រសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Douglas Alexander រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ក្រសួងធុរកិច្ច និងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងអង់គ្លេស។ ភាគីទាំងពីរក៏បានពិភាក្សាអំពីតម្រូវការឱ្យអាស៊ាន និងអង់គ្លេសធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីរិះរកវិស័យកិច្ចសហការថ្មីៗ ជាពិសេស ក្នុងវិស័យដែលកំពុងលេចឡើងថ្មីៗ ដូចជា ការអភិវឌ្ឍប្រកបដោយចីរភាព សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ជាដើម។

អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកទូលាយរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មស្វីសលើកទី ៣។ កិច្ចប្រជុំបានធ្វើការអនុម័តសេចក្តីប្រកាសរួម នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។ សេចក្តីប្រកាសរួមនេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងតំបន់ទាំងពីរនៅក្នុងវិស័យអាទិភាពនានា។

ជាមួយគ្នានេះ អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយចក្រភពអង់គ្លេសលើកទី ៤។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរិះរកវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងអាស៊ាន និងអង់គ្លេស ជាពិសេស នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចតំបន់ និងសកលលោកដែលកំពុងវិវត្តន៍។

លោកអគ្គលេខាធិការអាស៊ាន ក៏បានជួបពិភាក្សាការងារជាមួយ លោក Tengku Datuk Seri Utama Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មប្រទេសម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ របស់ម៉ាឡេស៊ី ជាពិសេស គំនិតផ្តួចផ្តើមសំខាន់ៗដែលអាចធ្វើទៅបាន ដើម្បីជំរុញការងាររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន៕