(ភ្នំពេញ)៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើមក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីប្រវត្តិសាស្ត្រ និង ចំណងមិត្តភាពទាក់ទងដ៏យូរលង់រាប់ពាន់ឆ្នាំរវាងកម្ពុជា-ចិន ហើយក្នុងនោះ វប្បធម៌ ចិនជាចំណែកមួយនៅក្នុងបណ្តុំវប្បធម៌របស់កម្ពុជាបន្ទាប់ពីឥណ្ឌា។ លោកបន្តថា កម្ពុជាបានក្លាយជាប្រទេសទី១ ក្នុងការកសាងសហគមន៍ជោគវាសនារួមជាមួយចិន។ លើសពីនេះ កម្ពុជា និង ចិន ត្រូវការគ្នាទៅវិញទៅមក និង បំពេញឲ្យគ្នាទៅវិញទៅមកដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរទាំងក្នុងក្របខ័ណ្ឌតំបន់ និង ពហុភាគី តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្តោតលើ៖ (១).គុណតម្លៃ៖ សុខសន្តិភាព សន្តិសហវិជ្ជមាន គោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ (២).ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក៖ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែង និងរឹងមាំ។ (៣).ការជួយយឹតយោងគ្នាទៅវិញទៅមក៖ ចំណុចនេះសំដៅលើការកសាងសហគមន៍ជោគវាសនារួម ពោលគឺ បើជោគជ័យគឺជោគជ័យទាំងអស់គ្នា។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍ថា កម្ពុជាចំាបាច់ត្រូវពង្រឹងខ្លួនឱ្យរឹងមាំទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច, សង្គម, អភិបាលកិច្ច និងធនធានមនុស្ស ជាពិសេសវិស័យអភិបាលកិច្ច និងធនធានមនុស្ស ដើម្បីអាចសម្រេចបានជោគជ័យក្នុងការកសាងជោគវាសនារួមកម្ពុជា-ចិន ដែលភាគីទាំងពីរបានសម្រេចបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយផ្តោតលើវិស័យអាទិភាពចំនួន៦ រួមមាននយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតចិន ពិនិត្យ និងបន្ស៊ីគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីផ្សារភ្ជាប់ចក្ខុវិស័យ១០០ឆ្នាំ-ដំណាក់កាលទី២ របស់ចិន ជាមួយនឹងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ក្នុងន័យកំណត់អាទិភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមលើការតភ្ជាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្រ្តផ្សេងទៀតរបស់ចិន។ នៅក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងស្នើបន្តជួយគាំទ្រដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងជំនួបពិភាក្សាការងារជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូតចិន បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែមានទំនាក់ទំនងល្អទាំងទ្វេភាគី និងពហុភាគី។ ប្រទេសទាំងពីរមានចក្ខុវិស័យស្របគ្នា ក្នុងការពង្រឹង និងរឹតចំណងមិត្តភាពដែកថែបឱ្យកាន់តែប្រសើរ តាមរយៈការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា។ លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងតំបន់ និងវេទិកាអន្តរជាតិនានា៕