(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នារសៀល​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន (កម្ពុជា-អាម៉េរិក) លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភា​ពាណិជ្ជកម្ម​អាម៉េ​រិកនៅកម្ពុជា, ក្រុមប្រឹក្សាធុរកិច្ច​សហរដ្ឋអាម៉េរិក-អាស៊ាន និងមានវិស័យឯកជន និងមន្ត្រី​ជំនាញជាច្រើនរូប។

កិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្ពុជា-អាម៉េរិកលើកទី១នេះ បានក្លាយជារបៀបវារៈថ្មី​នៃកិច្ច​សន្ទ​នា​​​ផ្លូវការដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក ដោយ​អនុវត្ត​ក្រោមស្មារតី​សហការ និងឯកភាពរួមគ្នា​រវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុល​បង្ហាញ​ដ៏ខ្ពង់​ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។

យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមាន​ស្រាប់ និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជនទាំងក្នុង​កម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះ​បញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ​សភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ជូន​ចំពោះ​វត្ត​មានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនរបស់សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូត និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួនដើម្បីធានាស្វែង​រកដំណោះស្រាយ​សមស្រមពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា។ ការរៀបចំកិច្ចសន្ទនានាឱកាសនេះគឺស្របតាមចក្ខុវិស័យរបស់កម្ពុជា​ក្នុងធ្វើពិពិធ​កម្ម​ប្រភពវិនិយោគ ពិសេសពីសហរដ្ឋអាម៉េរិកបន្ថែមទៀត។

តាមរយៈកិច្ចសន្ទនានេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំពឹងថានឹងទទួល​បាន​សញ្ញាណល្អពីវិនិយោគិនអាម៉េរិក ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋ​អាម៉េរិក​ប្រមាណ ២សប្ដាហ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។

លើកឡើងនាឱកាសនេះដែរ លោកស្រី Bridgette L. Walker បានបង្ហាញភាពរីករាយដែល​បាន​សហការ​រៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១នេះ ដែលអាចរួមគ្នាពិនិត្យពិភាក្សា លើបរិយាកាស​វិនិយោគនៅកម្ពុជា។ សហរដ្ឋអាម៉េរិក នឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌការវិនិយោគសហរដ្ឋអាម៉េរិកបានមើលឃើញអំពីការចូលរួម​របស់ក្រុមហ៊ុនឯកជនអាម៉េរិក ដែលបានវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា និងបានជឿជាក់ថា វត្តមាននិងប្រតិបត្តិការក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន នឹងចូលរួមបានកាន់តែប្រសើរ​ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។

លោកស្រីភារធារី ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងបេសកកម្មការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះផងដែរ៕