(ឧត្តរមានជ័យ)៖ លោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានប្រកាសជួសជុលផ្លូវមួយខ្សែប្រវែង៩គីឡូម៉ែត្រ ប្រគេនព្រះសង្ឃ ចាប់ពីខ្លោងទ្វារចូល ដល់មជ្ឈមណ្ឌុលវិបស្សនា ក្នុងវត្តចំប៉ានួនស្រី ហៅវត្តក្បាលស ក្នុងភូមិក្តុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ការថ្លែងប្រកាសជួសជុល និងសម្រួលផ្លូវ១ខ្សែ ប្រគេនព្រះសង្ឃវត្តចំប៉ានួនស្រីក្បាលស នាពេលនេះក្នុងឱកាសដែលលោក រួមជាមួយលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបទៀត បានអញ្ជើញចូលរួមកាន់វេនបិណ្ឌវេនទី៣ នៅវត្តចំប៉ានួនស្រី ហៅវត្តក្បាលស ក្នុងភូមិក្តុល សង្កាត់កូនក្រៀល ក្រុងសំរោង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្នុងពិធីកាន់បិណ្ឌវេនទី៣ នាព្រឹកនេះលោក ឈឿង ផល្លាង និងលោក លោកស្រី ដែលបានចូលរួម បានអញ្ជើញប្រគេនចង្ហាន់ ទយ្យវត្ថបច្ច័យ ប្រគេនព្រះសង្ឃ និងបានរាប់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខ សូមទទួលបាននូវចំណែកបុណ្យស្មើៗគ្នា ពិសេសសូមរួចផុតចាកនូវទុក្ខសោកទាំងពួង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកអ្នកដែលបានចែកឋាន សូមបានដល់នូវសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យសាសនាទាំងអស់របស់ប្រជាពលរដ្ឋខ្មែរយើង ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។ជារៀងរាល់ឆ្នាំនៃពិធីបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញបងប្អូនកូនចៅ ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសទៅជួបជុំឪពុកម្ដាយបងប្អូននៅស្រុកកំណើត ដើម្បីរៀបចំធ្វើម្ហូបអាហារ បាយសម្ល ជូនលោកអ្នកដ៍មានគុណ និងយកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា នុងញាតិការទាំង៧សណ្តាណដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខ៕