(ភ្នំពេញ)៖ អ្នកនាំពាក្យតុលាការកំពូល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺពាក់ព័ន្ធនឹងការសម្រេចក្តីចំពោះទំនាស់ដីធ្លីរវាងចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងបុគ្គលឈ្មោះអៀង សៀ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យតុលាការកំពូល បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួន បានផ្សព្វផ្សាយ សម្ភាសន៍របស់ ប្រធានសមាគមអាដហុក ឈ្មោះ នី សុខា ដែលបានផ្សព្វផ្សាយនូវវីដេអូខ្លីប (Video Clip) មួយដែលមាន ខ្លឹមសារថា «តុលាការកំពូលកាត់ក្តីឱ្យមន្ត្រីរំលោភដីវត្តស្ទឹងមានជ័យជាអ្នកឈ្នះក្តីព្រះចៅអធិការ...។
ករណីនេះ អ្នកនាំពាក្យតុលាការកំពូល សូមធ្វើការបញ្ជាក់ដូចតទៅ៖
១៖ ចៅអធិការវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យព្រះនាម ថៃ ប៊ុនធឿន បានប្តឹងទាមទារដីទំហំ២៨ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ពីឈ្មោះ ហុក អៀង (ស្លាប់) មានកូនជាអ្នកបន្តសិទ្ធិឈ្មោះ អៀង សៀ ដោយអះអាងថា ដីទំនាស់នេះជាដីរបស់វត្តតាំងពីសម័យលន់ណុល ដែលវត្តនេះបានចាប់ផ្តើមកសាងឡើងវិញក្រោយឆ្នាំ១៩៧៩ ហើយបានជួសជុលនិងកសាងរបងជុំវិញវត្តក្នុងឆ្នាំ១៩៩០ និងថាឈ្មោះ ហុក អៀង ក្រោយបែកឆ្នាំ១៩៧៩ ចូលរស់នៅផ្ទះពីសង្គមរបស់គាត់មានអាសយដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែក្រោយមកសាលាសង្កាត់ស្ទឹងមានជ័យបានដកហូត និងបានយកគ្រួសាររបស់ឈ្មោះ ហុក អៀង មករស់នៅលើដីវត្តស្ទឹងមានជ័យជាបណ្តោះអាសន្នតែប៉ុណ្ណោះ។
២៖ ចំណែក ភាគីចុងចម្លើយ អៀង សៀ ដែលត្រូវជាកូនរបស់ឈ្មោះ ហុក អៀង បានអះអាងថា គ្រួសាររបស់ខ្លួនបានចូលរស់នៅតាំងពីឆ្នាំ១៩៧៩ តាមការប្រគល់ឱ្យពីអាជ្ញាធរមូលដ្ឋាន។ ដីនេះមិនមែន ជាដីវត្ត និងដីគ្មានរបងទេ។
៣៖ តាមការអះអាងរបស់ភាគីទាំង២ខាងលើនេះ ចំណុចវិវាទគឺថាតើដីទំនាស់នេះជាជីរបស់វត្តឬទេ?
៤៖ ពាក់ព័ន្ធនឹងចំណុចវិវាទនៃរឿងក្តីនេះ គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ ធ្វើការពិនិត្យ និងសម្រេចតាមសេចក្តីសម្រេចលេខ ៣១ គស.ភព/សសរ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ ដោយ ទទួលស្គាល់សិទ្ធិរបស់គ្រួសារចុងចម្លើយឈ្មោះ អៀង សៀ ពោលគឺមិនទទួលស្គាល់សិទ្ធិទាមទាររបស់ ដើមចោទឡើយ ហើយសេចក្តីសម្រេចនេះ ត្រូវបានគណៈកម្មការសុរិយោដីថ្នាក់ជាតិ សម្រេចតម្កល់ តាមសេចក្តីសម្រេចលេខ ០៥១ សសរ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ បន្ទាប់មក ដើមចោទ បានប្តឹងតវ៉ាទៅសាលាដំបូងរាជធានីភ្នំពេញ ហើយសេចក្តីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ នេះ ត្រូវបានតម្កល់ទុកជាបានការដោយតុលាការគ្រប់ជាន់ថ្នាក់។
៥៖ ការសម្រេចសេចក្តីរបស់គណៈកម្មការសុរិយោដីរាជធានីភ្នំពេញ និងថ្នាក់ជាតិ ព្រមទាំងការសម្រេចសេចក្ដីរបស់តុលាការទាំងបីថ្នាក់ បានលើកយកសំអាងហេតុច្បាស់លាស់ ដោយផ្អែកលើ ភស្តុតាងជាច្រើន ដែលសន្និដ្ឋានបានថា៖
(ក) ឈ្មោះ ហុក អៀង ជាឪពុករបស់ឈ្មោះ អៀង សៀ បានចូលមករស់នៅតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន លើដីទំនាស់ដែលកាលនោះជាដីព្រៃដុះស្មៅ តាមការប្រគល់ឱ្យរបស់អាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ ហើយដីនេះជាដីអតីតប៉ុស្តិ៍ប៉េអឹម ប៉ុស្តិ៍ប៉ូលិស និងសាលាសង្កាត់លេខ៩ពីសង្គមចាស់ មុនឆ្នាំ១៩៧៥ ដោយពុំពាក់ព័ន្ធនឹងដីវត្តឡើយ។ កិរិយាកាន់កាប់របស់ចុងចម្លើយធ្វើឡើង ស្របតាមមាត្រា ៣៨ និងមាត្រាពាក់ព័ន្ធនៃច្បាប់ភូមិបាល។
(ខ) វត្តទើបតែធ្វើការជួសជុល និងធ្វើរបងនៅឆ្នាំ១៩៩០ ក្រោយការរស់នៅរបស់ឈ្មោះ ហុក អៀង។ (គ) ចៅអធិការវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យពុំមានភស្តុតាងណាបញ្ជាក់ថា ដីដែល ឈ្មោះ ហុក អៀង រស់នៅជាដីរបស់វត្តទេ ទោះមុន ឬក្រោយឆ្នាំ១៩៧៩ ក៏ពុំមានភស្តុតាងដែរ (មិនមាន ភស្តុតាងជាទ្រព្យសម្បត្តិគរុភណ្ឌរបស់វត្ត)
៦៖ រឿងនេះត្រូវបាន តុលាការកំពូលសម្រេចបញ្ចប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែ ភាគីដើមចោទចៅអធិការវត្ត ទើបតែលើកយករឿងនេះមកផ្សព្វផ្សាយតាមបណ្តាញសង្គមនាពេលនេះ។
តុលាការកំពូលមានការសោកស្តាយណាស់ដែលពុំអាចដោះស្រាយបានតាមការទាមទាររបស់ចៅអធិការវត្តបាន ពីព្រោះភស្តុតាង អង្គហេតុ និងអង្គច្បាប់ បានកំណត់ច្បាស់លាស់ដូចដែលបាន លើកឡើងខាងលើនេះ៕