(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលស្ទឺកឃ័រ QR Code NoDrug និងខិតប័ណ្ណប្រឆាំងគ្រឿងញៀនចំនួនជាង៣ម៉ឺនសន្លឹក ពីការិយាល័យកណ្ដាលអិលអូអិលស៊ី សម្រាប់ផ្សព្វផ្សាយក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីប្រណាំងទូកនៅតាមបណ្ដាខេត្តនានាអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមវត្តមានឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សុខ សុផល អនុប្រធាននាយកប្រតិបត្ដិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី។
ថ្លែងក្នុងនាមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់អិលអូអិលស៊ី ដែលបានចូលរួមចំណែកផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននាពេលកន្លង ហើយស្ទឺកឃ័រនេះនឹងបិទនៅលើរថយន្តក្រុងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើររប្រើប្រាស់រថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញទៅលេងស្រុកកំណើតធ្វើការទាញយក App NoDrug តាមរយៈការស្គែន QR Code ដែលមានលើស្ទីកឃ័រមកប្រើប្រាស់ដើម្បីទទួលចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានដោយទទួលបានការដោះស្រាយមានប្រសិទ្ធភាព។
ថ្លែងក្នុងនាម លោក សុខ វឿន ប្រធាននាយកប្រតិបត្ដិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នាឱកាសនោះដែរ លោក សុខ សុផល បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានតែងតែផ្ដល់ឱកាសដល់អិលអូអិលស៊ីចូលរួមជួយគាំទ្រដល់ការងារប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យើងទាំងអស់គ្នាហើយអិលអូអិលស៊ី នឹងបន្តជួយដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបន្តទៀត ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន សហគមន៍នឹងមានសុវត្ថិភាព៕