(បរទេស)៖ នាយកប្រតិបត្តិរបស់ Telegram លោក Pavel Durov បាននិយាយថា ឥឡូវនេះកម្មវិធីផ្ញើសាររបស់លោក នឹងចាប់ផ្តើមប្រគល់ទិន្នន័យនៃអាស័យដ្ឋាន IP របស់អ្នកប្រើប្រាស់ និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ ប្រសិនបើមានការស្នើសុំផ្លូវច្បាប់។
នេះបើយោងតាមសារព័ត៌មានធំៗមាន CNN, BBC, Bloomberg ចេញផ្សាយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
សារព័ត៌មាន Bloomberg ដែលបានរាយការណ៍ថា នេះជាការផ្លាស់ប្តូរគោលនយោបាយជាលើកដំបូងជាប្រវត្តិសាស្រ្តរបស់ Telegram ដែលពីមុន «មិនឆ្លើយតបនឹងសំណើរលុបចេញ» ដែលជារឿយៗមិនអើពើសំណើនានា សម្រាប់ព័ត៌មានអំពីឧក្រិដ្ឋជនដែលសង្ស័យឡើយ។
លោក Durov បាននិយាយថា Telegram បានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា AI ក៏ដូចជាបង្កើតក្រុមសម្របសម្រួល ដើម្បីលុបខ្លឹមសារដែលមាន «បញ្ហា» ចេញពីកន្លែងស្វែងរករបស់កម្មវិធីផ្ញើសារ Telegram។ លោក Durov ក៏បានស្នើឱ្យអ្នកប្រើប្រាស់ រាយការណ៍ ប្រសិនបើមានមាតិកាគ្មានសុវត្ថិភាព និងខុសច្បាប់ណាមួយត្រូវបានរកឃើញដូច្នេះក្រុមហ៊ុននឹងពិនិត្យមើលដើម្បីលុបចោល។
សូមជំរាបថា កាលពីខែសីហាកន្លងទៅ នាយកប្រតិបត្តិកម្មវិធីផ្ញើសារ Telegram លោក Durov ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង ពីបទឧក្រិដ្ឋកម្មជាច្រើនដែលបានប្រព្រឹត្តនៅលើ Telegram ប៉ុន្តែក្រោយមកត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ តែហាមមិនឲ្យចេញពីប្រទេសបារាំង៕