(ភ្នំពេញ)៖ គម្រោងរេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មន ផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។

រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និង​ការ​ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌ​សហប្រជាតិ​ស្តីពី​ការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធ​អេកូ​ឡូ​ស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។

កម្ពុជាមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ យើងបាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ផ្តល់ជាមូលដ្ឋានគ្រឹះមួយនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌នៃការរស់នៅប្រកបដោយនិរន្តរភាពក្នុងចំណោមប្រជាពលរដ្ឋយើង។

លើសពីនេះ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានអនុម័ត រួចមកហើយ ដោយផ្តោតលើសសរស្តម្ភទាំងបី សម្រាប់ប្រទេសជាតិយើង៖ ប្រជាជនកម្ពុជាស្អាត បៃតង និងនិរន្តរភាព ដែលធានាបាននូវការឆ្លើយតបខាងវិស័យបរិស្ថានស្អាត អនាម័យបរិស្ថានល្អប្រសើរ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងធានាកាទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ គោលដៅចុងក្រោយរបស់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺសម្រេចបាននូវសេចក្តីប្រាថ្នាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០។

ជាមួយគ្នានេះនៅកម្ពុជា គម្រោងរេដបូក កែវសីមា ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដោយមួយផ្នែកធំ ក្នុងខេត្ដមណ្ឌលគិរី និងមួយផ្នែកតូចស្ថិតក្នុងខេត្តក្រចេះ។

សម្រាប់គម្រោងរេដបូក កែវ សីមានេះ អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) សហការជាមួយ​ក្រសួងបរិស្ថានកំពុងអនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលកៀរគរ​ថវិកា​សម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីម្ចាស់ជំនួយដូចជា USAID AFD USFWS CAMPAS UNDP MRLG និងថវិកាគម្រោងរេដបូកកែវសីមា។ គម្រោងផ្តោត លើសកម្មភាពសំខាន់ៗ ដូចជា៖ ការពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍ ការលើកកម្ពស់ជីវភាពរបស់សហគមន៍ និងការតាមដានជីវៈ ចម្រុះ។

គម្រោងរេដបូកកែវសីមាចាប់ផ្តើមនៅឆ្នាំ២០១០ លើផ្ទៃដី ១៦៦,៩៨៣ហិកតា នៃផ្ទៃដីសរុបដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីប្រជាសហគមន៍ចំនួន ២០ភូមិ ដែលរស់នៅក្នុង និងក្បែរដែនជម្រកសត្វព្រៃកែវសីមា ដែលជាភូមិគោលដៅសម្រាប់ទទួល៖ ផលប្រយោជន៍ជាថវិកាសម្រាប់ការអភិវឌ្ឍភូមិ ឱកាសការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងស្ថាប័នសហគមន៍សម្រាប់ការងារ អភិវឌ្ឍភូមិតាមរយៈការចូលរួមគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមារបស់ពួកគាត់។

គិតត្រឹមឆ្នាំ២០២៤ គម្រោងរេដបូកកែវសីមាក្រោមបទដ្ឋាន អាកាសធាតុ សហគមន៍ និងជីវៈចម្រុះ (Climate, Community & Biodiversity Standards) និងបទដ្ឋាន ផ្ទៀងផ្ទាត់កាបូន (Verified Carbon Standard) ត្រូវបានការផ្ទៀងផ្ទាត់ ដើម្បីចេញនូវឥណទានកាបូនចំនួន ៤លើក មកហើយសម្រាប់ការអនុវត្តគម្រោងរេដបូកកែវសីមាពី ឆ្នាំ២០១០ ដល់ឆ្នាំ២០២១ ដែលទទួលបានឥណទានកាបូនសរុបចំនួនប្រហែល ១៩លានឥណទានកាបូន សម្រាប់លក់នៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ 

ថវិកាដែលទទួលបានមកពីការលក់ឥណទានកាបូននេះ ត្រូវបានយកទៅប្រើប្រាស់លើការងារបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស ការងារអភិរក្ស និងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ និងលើកកម្ពស់ជីវភាពសហគមន៍។ ថវិកាមួយចំណែកធំត្រូវបានបែងចែកដល់សហគមន៍ក្នុងភូមិទាំង២០ សម្រាប់អភិវឌ្ឍន៍សហគមន៍ និងលើកស្ទួយជីវភាពរស់នៅសហគមន៍ តាមរយៈជម្រើសអាទិភាពរបស់សហគមន៍ដូចជា៖ ប្រព័ន្ធទឹកស្អាត អណ្តូងស្នប់ គ្លីនិកចល័ត ជួសជុល ផ្លូវក្នុងភូមិ សាងសង់ស្ពាន ដាក់លូកាត់ផ្លូវ រោងប្រជុំសហគមន៍ សាងសង់បង្គន់ ផ្តល់សម្ភារសិក្សាជួសជុលសាលារៀន ទុនថវិកាសម្រាប់ក្រុមសន្សំ ពូជសត្វ គោមាន់ ឧបករណ៍ កសិកម្មមួយចំនួន និងអាហារ ពេលព្រឹកដល់សិស្ស។ល។

សកម្មភាពអនុវត្តកម្ម វិធី «ថវិការេដបូកសម្រាប់សហគមន៍» ឬC4C សហគមន៍ចំនួន២០ភូមិ បានទទួលមូលធិនិពីគម្រោងរេដបូកតាមរយៈយន្តការ «ថវិការេដ បូក សម្រាប់សហគមន៍» ដែលជាការបែងចែកផលប្រយោជន៍ពីប្រាក់ចំណូលពីការលក់នូវឥណទានកាបូន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សហគមន៍ទទួលបានថវិកាដោយផ្ទាល់ពីគម្រោងរេដបូកកែវសីមា ប្រហែលជិត២លានដុល្លារអាមេរិកហើយ។ ដំណាក់កាលទី១ (២០១៧/២០២៨) មូលនិធិសរុប២៣៨ ៥៥៤ដុល្លារអាមេរិក ដំណាក់កាលទី២ (២០២១) មូលនិធិសរុប ២០០,០០០ដុល្លារអាមេរិក ដំណាក់កាលទី៣ ( ២០២២) មូលនិធិសរុប ៦០០,០០០ដុល្លារអាមេរិក និងដំណាក់កាលទី៤ (២០២៤ ) ៨០០,០០០ដុល្លារអាមេរិក។

នៅដំណាក់កាលទី១ និងទី២ សហគមន៍ភូមិនីមួយៗទទួលបានមូលនិធិស្មើៗគ្នា។ ដោយឡែកនៅដំណាក់កាលទី៣ និងទី៤ ភូមិនីមួយៗទទួលបានមូលនិធិផ្សេងៗគ្នាដោយផ្អែកលើការអនុវត្តសកម្ម ភាព របស់សហគមន៍ ដើម្បីចូលរួមកាត់បន្ថយការបាត់បង់ព្រៃឈើនៅក្នុងគម្រោងដោយមានការវាស់វែងតាមរយៈសូចនាករ ចំនួន៣ រួមមាន៖ (១) គម្រប ព្រៃឈើ (២) សកម្មភាពចូលរួមការពារព្រៃឈើ និង(៣) ការអភិវឌ្ឍសហគមន៍។

គម្រោងបានធ្វើការផ្ទេរមូលនិធិទៅក្នុង គណនីធនាគាររបស់សហគមន៍ដែលអាចបើក តាមគណនីធនាគារបានហើយសហគមន៍ភូមិនីមួយៗបានបង្កើតនូវគណៈកម្មការគ្រប់គ្រងថវិកាដោយស្របតាមគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍។ សហគមន៍បានធ្វើការពិភាក្សាពិគ្រោះយោបល់ដើម្បីរៀបចំផែនការសកម្មភាពអាទិភាពសម្រាប់ការអភិវឌ្ឍន៍សហគមន៍ និងបានប្រើប្រាស់ «ថវិការេដបូក សម្រាប់សហគមន៍» ដើម្បីអនុវត្តសកម្មភាពជាអាទិភាពមួយចំនួនដែលទទួលបានលទ្ធផលដូចខាងក្រោម៖

*ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច
*ការគ្រប់គ្រងដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព
*ការលើកកម្ពស់ជីវភាពរស់នៅ
*ការលើកកម្ពស់ការអប់រំ
*ការលើកកម្ពស់ការថែទាំសុខភាព និងសប្បុរសធម៌
*ការលើកកម្ពស់វប្បធម៌ប្រពៃណីជនជាតិដើមភាគតិចព្នង (ពូនង)

ការលើកកម្ពស់ជីវភាពសហគមន៍ អង្គការ WCS បានសម្របសម្រួលបង្កើតក្រុមសន្សំប្រាក់នៅក្នុងភូមិចំនួន១៧ ដើម្បីផ្ដល់នូវដើមទុនសម្រាប់ការបង្កើតមុខរបរនៅក្នុងភូមិ។ គិtត្រឹមខែមិថុនា ឆ្នាំ២០២៤ ក្រុមសន្សំប្រាក់មានសមាជិកចំនួន ៤២៨នាក់ និងកំពុងគ្រប់គ្រងទឹកប្រាក់ចំនួន ១០៥,៤៩០ដុល្លារអាមេរិក។

គម្រោងក៏បានរៀបចំបង្កើតក្រុមកសិករសហគមន៍ដែលរួមមាន៖ កសិករដាំបន្លែ ៤៣គ្រួសារ កសិករចិញ្ចឹមមាន់ ១០៨គ្រួសារ កសិករចិញ្ចឹមត្រី ២៩គ្រួសារ និងកសិករចិញ្ចឹមជ្រូក១៨គ្រួសារ។ ប្រាក់ចំណូលបូកសរុបទាំងអស់របស់កសិករទាំងនេះពីសកម្មភាពដាំបន្លែ និងចិញ្ចឹមសត្វទាំងនេះមានប្រមាណ ១៤,២៤៦ដុល្លាអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ។

សហគមន៍នៅក្នុងភូមិចំនួន៦ (ភូមិពូចារ ភូមិអូរច្រា ភូមិពូគង់ ភូមិខ្ទង់ ភូមិអូរអាម និងភូមិស្រែព្រះ) បានប្រើប្រាស់ «ថវិការេដបូកសម្រាប់សហគមន៍» ទិញមេគោពូជបានចំនួន ៦២ក្បាល ដើម្បីចែកដល់សមាជិកសហគមន៍យកទៅចិញ្ចឹមយកកូនគោ និងចែកបន្តគ្នា។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ គ្រួសារចំនួន ២៧ទទួលបានកូនគោចំនួន២៧ក្បាល។

គម្រោងក៏បានរៀបចំក្រុមកែច្នៃឫស្សី ក្រុមស្រី្តត្បាញក្រមាខ្មែរ ក្រុមប្រមូលទឹកឃ្មុំ ក្រុមផ្គត់ផ្គង់ផ្លែឈើនៅភូមិចំនួន១០ ដែលមានសមាជិកសរុបចំនួន២០៨នាក់ (ស្ត្រីចំនួន ១០៥នាក់) ដែលបានរកប្រាក់ចំណូលប្រមាណ ១៩,៤៤៤ដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២៤។

បច្ចុប្បន្ន គម្រោងបានផ្តល់អាហារូបករណ៍ដល់យុវជនជនជាតិដើមភាគតិចព្នង (ពូនង) ចំនួន ៥នាក់ ដើម្បីរៀនបន្តថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យនៅទីក្រុងភ្នំពេញ ចំនួន២០នាក់ ជាសិស្សថ្នាក់វិទ្យាល័យដើម្បីទទួលបានការសិក្សាចប់កម្រិតវិទ្យាល័យ និង៤០នាក់ទៀត បានទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅខេត្តមណ្ឌលគិរី។

គម្រោងបានផ្តល់ជំនួយខ្នាតតូចទៅអង្គការអ៉ីតាលី ជួយសង្គ្រោះកុមារ (CIAI) ក្នុងការផ្តល់សេវាកម្មសុខភាពតាមរយៈគ្លីនិកចល័តបានចំនួន ៣៦លើក នៅក្នុង ភូមិចំនួន៦ ដែលមានប្រជាជន ៣,៨២៤នាក់ (២,៣៧៥ ស្រ្តី) និងកុមារចំនួន ២,២៣០នាក់ បានទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ គម្រោងក៏បានផ្តល់ការ ពិនិត្យសុខភាពជូនដល់សិស្សានុសិស្ស ចំនួនប្រមាណ១,៨៧៨នាក់ នៅសាលាបឋមសិក្សាចំនួន៧។

អង្គការ WCS បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp នៅឆ្នាំ២០១៣ ហើយចាប់ផ្តើមអនុវត្ត គម្រោង នៅឆ្នាំ២០១៤ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្តតាមរយៈការដើរក្នុងព្រៃ និងលើកកម្ពស់ការយល់ដឹង នៃការអភិរក្សព្រៃឈើ និងសត្វព្រៃ។ ក្នុងឆ្នាំ២០១៨ អង្គការ WCS បានសហការជាមួយអង្គការ WHI ក្នុងការអនុវត្តសកម្មភាពគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង។ ជាលទ្ធផលតំបន់សហគមន៍អេកូទេសចរណ៍ អណ្តូងក្រឡឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ២,៤៤៧នាក់ និងរកចំណូលសរុបបានប្រមាណ ១៦៩,៥៩៤ដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២៤នេះ។

ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដក៏ដោយក៏ជំរំទោចថ្ពាល់លឿងបានបន្តទទួលភ្ញៀវទេសចរប្រមាណ ១០០ក្រុម រួមទាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ភាពយន្តឯកសាររបស់ BBC និងទេសចរ មើលសត្វស្លាបក្នុងឆ្នាំ២០២២។ ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ការងារនៅតែបន្តជាពិសេសផ្នែកមគ្គទេសក៍ ប្រតិបត្តិការ ចម្អិនអាហារ និងការរៀបចំបន្ទប់។ អង្គការ WCS បានផ្ដល់មូលនិធិគាំទ្រការលើកកម្ពស់ការពង្រីកសហគមន៍អេកូទេសចរណ៍ «ជំរំទោច» រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត (មជ្ឈមណ្ឌលស្រាវជ្រាវកន្លែងស្នាក់នៅថ្មីសម្រាប់ភ្ញៀវ និងបរិក្ខារផ្សេងៗទៀត)។

អង្គការ WCS ក៏បានសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីចុះពិនិត្យទីតាំងគោលដៅបៃតង កន្លែងថ្មីទៀតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាសម្រាប់បង្កើតជាសហគមន៍អេកូទេសចរណ៍រួមមាន៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅនៅភូមិអណ្តូងក្រឡឹង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ជីអាំងនៅភូមិពូញ៉ាវ។ ចំពោះការបង្កើតសហគមន៍ អេកូទេសចរណ៍ឡែងកៅ គម្រោងរេដបូកកែវសីមា បានគាំទ្រដល់ការដោះស្រាយវិវាទនិងបោះបង្គោលព្រំ ការងារកែលម្អផ្លូវចេញចូលទៅទឹកធ្លាក់ទាំងបី ជាន់សង់ប្រព័ន្ធលូ បន្ទប់ទឹកជណ្តើរ ស្លាកសញ្ញា ផ្តល់វគ្គបណ្តុះបណ្តាល អំពីការចម្អិន ម្ហូប វិធីសាស្ត្រនាំភ្ញៀវ ការរៀបចំភេសជ្ជៈ និងការជ្រើសរើសសមាជិកក្រុម។ បន្ថែមលើនេះគម្រោងបានជួយសម្របសម្រួលឱ្យមានការទទួលស្គាល់ដោយដីកាឃុំសម្រាប់គណៈកម្មការសហគមន៍ទេសចរណ៍ពីមេ ឃុំ សែន មនោរម្យ ហើយលិខិតស្នើសុំបង្កើត និងលក្ខន្តិកៈ សហគមន៍ទេសចរណ៍ ក៏បានទទួលស្គាល់ដោយភូមិ ឃុំ ស្រុក និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

គិតត្រឹមខែឧសភា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៤ កូនឈើចម្រុះ ១៦ប្រភេទប្រមាណ ១០៤,០០០ដើម ត្រូវបានរៀបចំសម្រាប់ដាំលើផ្ទៃដីព្រៃដែលរេចរឹលក្នុងដែនជម្រកសត្វព្រៃកែវសីមា និងចែកចាយទៅតាមស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋដើម្បីដាំនៅទីសាធារណៈនានា។ កូនឈើប្រមាណ៦,៧០០០ដើម ត្រូវបាន ដាំរួចរាល់លើផ្ទៃដីប្រមាណជាង ១៣០ហិកតា ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ប្រជាសហគមន៍ប្រមាណ៨០០នាក់ បានចូលរួមក្នុងការដាំកូនឈើទាំងនេះ។

គម្រោងបាននិងកំពុងតែធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) ប្រមាណ២០គ្រួសារ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើកម្រិតសហគមន៍ ក្នុងការផលិតកូនឈើបន្ថែមសរុបប្រមាណ ១០,០០០ដើម ដើម្បីចូលរួមក្នុងកម្មវិធីដាំស្តារព្រៃឈើក្នុងតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃកែវសីមា ក្រោមការគាំទ្របច្ចេកទេសរបស់គម្រោងរេដបូកកែវសីមា។ ថ្នាលបណ្តុះកូនឈើចំនួន ៣កន្លែងធំៗ ក្នុងដែនជម្រកសត្វព្រៃកែវសីមា កំពុងត្រូវបានរៀបចំដើម្បីបណ្ដុះកូន ឈើបន្ថែមប្រមាណ ៥០,០០០ដើម សម្រាប់ឆ្នាំ២០២៤-២០២៥។ កម្មវិធីដាំស្តារព្រៃឈើឡើងវិញក្នុងគម្រោងរេដបូកកែវសីមា ជាគំនិតផ្តួចផ្តើមក្រោមកិច្ចសហការរវាងអង្គការ WCS កម្ពុជា មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ និង USAID មរតកបៃតង៕