(ភ្នំពេញ)៖ បើគ្មានមេឃធ្លាក់ភ្លៀងដ៏ធំនាវេលាយប់មួយកាលពីខែកញ្ញា នា២៦ឆ្នាំមុន ក្នុងក្រុងសៀមរាបអង្គរនោះទេ ម្ល៉េះឈាមហូរដាបពោះដំរី ដោយសារតែអំពើធ្វើឃាតដាក់មកលើ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងមិនអាចចៀសផុតបានឡើយ។ ប៉ុន្តែដោយសារ តែអម្ពូតហេតុធ្វើឱ្យមានធ្លាក់ភ្លៀងខ្លាំងពេញមួយយប់ថ្ងៃទី២៣ ឈានចូល២៤កញ្ញា ឆ្នាំ១៩៩៨នោះហើយ ភ្លៀងមួយមេនោះបានជួយឱ្យកម្ពុជាមានសុខសន្តិភាពរហូតដល់បច្ចុប្បន្ន។ លោក ម៉ារ យ៉ារិទ្ធិ មានរបាយការណ៍អង្កេតជុំវិញបញ្ហានេះ៖
ការធ្លាក់ភ្លៀងដ៏ធំនារាត្រីថ្ងៃទី២៣ ឈានចូល២៤កញ្ញា ឆ្នាំ១៩៩៨ នៅក្នុងខេត្តសៀមរាប ត្រូវបានគេចាត់ទុកថាជាអម្ពូតហេតុមួយ ដែលមិនត្រឹមតែបានជួយជីវិតសម្តេច ហ៊ុន សែន កាលពី២៦ឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះថែមទៀត។
ជំនឿនៃដូនតាខ្មែរ តែងដំណាលថាព្រះជាម្ចាស់ ឬ បារមីសក្តិសិទ្ធិលើលោក តែងធ្វើការឆ្លើយតបចំពោះការបួងសួងរបស់អ្នកមានឫទ្ធិបារមី ឬ អ្នកដែលមានទេពតាថែរក្សា តាមរយៈការបង្កើតឱ្យមានជាអម្ពូតហេតុកើតឡើង។ ជំនឿរបស់ដូនតារបស់ខ្មែរនេះ ក៏ធ្លាប់ត្រូវបានមនុស្សមួយចំនួនបានជួបប្រទះ និងក៏មានការនិយាយដំណាលតៗគ្នា អំពីអម្ពូតហេតុនានាកើតឡើងកន្លងមក ដោយបានជួយសង្គ្រោះជីវិតមនុស្ស ដែលទេពតាចារទុកថា «មិនទាន់អស់អាយុ មិនទាន់ស្លាប់» នោះផងដែរ។
នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៨ មុនព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាតបានកើតឡើង សម្តេច ហ៊ុន សែន បានយល់សប្តិឃើញទេវតា ប្រែកាឡាជាម្តាយរបស់សម្តេច គឺលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលបានប្រាប់សម្តេចថា បើសម្តេចទៅដល់ខេត្ត សៀមរាប ចូរទៅអុជធូបបន់ស្រន់សុំ សេចក្តីសុខពីបារមីព្រះអង្គខ្មៅកុំបីខានឡើយ។
ក្រោយសុបិននោះមក សម្តេចពុំបានដឹង និងស្គាល់ថាតើ វត្តព្រះអង្គខ្មៅនោះ ស្ថិតនៅកន្លែងណាមួយ ក្នុងខេត្តសៀមរាបឡើយ។ មន្ត្រីអាជ្ញាធរជាតិអប្សរា បានផ្តល់ព័ត៌មានថា ព្រះអង្គខ្មៅ ស្ថិតនៅក្នុងវត្តព្រះអង្គកងជុំ ជិតប្រាសាទអង្គរធំ។ យោងតាមក្រុមអភិរក្សអង្គរ ក្នុងសង្គ្រាម សាសនាក្រោយសម័យអង្គរ រវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ខាងព្រាហ្ម បានដុតវត្តឆេះរោលរាល និងឆេះព្រះពុទ្ធបដិមាឡើងខ្មៅដូចនិល ទើបគេដាក់ឈ្មោះថា វត្តព្រះអង្គខ្មៅ តាំងពីពេលនោះរហូតមក។
សម្តេច ហ៊ុន សែន និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរចួលក្រាបបង្គំគាល់អតីតព្រះមហាក្សត្រខ្មែរ ដែលបានរៀបចំកិច្ចប្រជុំរដ្ឋសភាលើកដំបូង នីតិកាលទី២ នៅក្នុងព្រះរាជដំណាក់ព្រះកុសមៈក្នុងខេត្តសៀមរាប និងការធ្វើពិធីស្បថសច្ចានៅប្រាសាទអង្គរវត្ត ដើម្បីឱ្យមន្ត្រីតំណាងរាស្ត្រជាប់ឆ្នោតទាំងឡាយ ក្លាយជាសមាជិកសភាស្របច្បាប់នោះ បានធ្វើដំណើរទៅដល់ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៨។
នាវេលារសៀលថ្ងៃទី២៣ ខែកញ្ញាដដែលនោះសម្តេច បានធ្វើដំណើរទៅកាន់វត្តព្រះអង្គខ្មៅ ក្បែរប្រាសាទអង្គរធំ និងបានធ្វើពិធីបន់ស្រន់ សុំសេចក្តីសុខនៅក្នុងវត្តនោះ ជាមួយនឹងការផ្សងចាក់គម្ពីរផងដែរ។ សម្តេច នៅមុនការចាក់គម្ពីរ បានបួងសួងនៅក្នុងចិត្ត សូមបារមីវត្ត ព្រះអង្គខ្មៅ មេត្តាជួយបង្ហាញផ្លូវនៅថ្ងៃ ស្អែកទី២៤ ខែកញ្ញា ថាតើនឹងមានរឿងអ្វីកើតឡើង និងតើជោគវាសនាប្រទេសជាតិ នឹងក្លាយទៅជាយ៉ាងណា?
បន្ទាប់ពីផ្សង និងលើកគម្ពីដាក់លើក្បាល រួចចាក់គម្ពីរដោយចង្កឹះឈើចងខ្សែជាប់នឹងគម្ពីរ នោះរួចមក សម្តេច បានហុចគម្ពីរ ដែលចាក់ចំចំណុចខ្លឹមសារនោះ ដើម្បីឱ្យចាស់ព្រឹទ្ធាចារ្យនៅក្បែរនោះ សម្រាយរឿងពាក់ព័ន្ធនឹងជោគវាសនាជាតិ និងវាសនាអ្នកចាក់គម្ពីរ។
លោកតាអាចារ្យ បានបើកគម្ពីររួចអានក្នុងចំណុចចាក់នោះថា «ព្រះពោធិសត្វ ប្រសូតនៅក្នុងរាជវង្ស តែព្រះអង្គមិនមានបន្ទូលអ្វីទាំងអស់ដូចជាធ្វើគរ ថ្លង់ រហូតដល់ព្រះបិតាទ្រាំលែងបាន ក៏បញ្ជាឱ្យពេជ្ជឃាត យកទៅសម្លាប់ចោល ប៉ុន្តែមិនសុគត បែរជាឡើងសោយរាជ្យសម្បត្តិជា ស្តេចផែនដី»។ លោកតាអាចារ្យបានបកស្រាយថា «បើតាមទំនាយនេះ ទាយថាល្អណាស់ គឺ មានការលំបាកមុនបន្តិច តែនឹងល្អពេលបន្ទាប់មក»។
ចំពោះសម្តេចតេជោ ក្រោយបានទទួលចម្លើយបកស្រាយនោះរួច ចំណុចដែលសម្តេចមានក្តីព្រួយបារម្ភនោះ គឺថាតើនឹងមានរឿងអ្វីកើតឡើងនៅព្រឹកស្អែក? ហើយបើសិនមានរឿងហេតុ អាចកើតឡើងមែន តើមានប៉ះពាល់ដល់អាយុជីវិតនិងសុវត្ថិភាព ឬ យ៉ាងណា?
បន្ទាប់ពីការចាក់ផ្សងគម្ពីររួច ដើម្បីរំឭកគុណដល់បារមីវត្ថុសក្តិសិទ្ធនៅក្នុងវត្តព្រះអង្គខ្មៅនោះ សម្តេចបានចាត់ចែង ឱ្យអ្នកប្រគំភ្លេងពិណពាទ្យដែលមានស្រាប់នៅទីនោះ ប្រគំភ្លេងថ្វាយបារមីចំនួន ៧បទដើម្បីសុំសេចក្តីសុខត្រជាក់ត្រជុំ ចៀសផុតអស់អពមង្គលទាំងឡាយ ដែលបម្រុងកើត និងសុំសេចក្តីសុខចម្រើន ជួនដល់ព្រះរាជាណាចក្រកម្ពុជា កុំឱ្យមានសឹកសង្គ្រាម ឬ កើតកលយុគធំតូចទាំងឡាយ។
ឯកឧត្តម មាស សុខុន ដែលពេលនោះ គឺជាអ្នកបើកបររថយន្តឱ្យសម្តេចដោយផ្ទាល់បានថ្លែងថា ខណៈមាន ពិធីបួងសួងថ្វាយភ្លេងពិណពាទ្យនោះ ក៏ស្រាប់តែមានអព្ហូតហេតុចម្លែកកើតឡើង៖
«បរិយាកាសគឺវាធម្មតាដែល(សម្តេចបាន)ទស្សនាមួយចប់នៅប្រាសាទអង្គរហើយ ហើយក៏មកដល់កន្លែងហ្នឹង។ សម្តេចឱ្យឈប់កន្លែងនោះ ហើយថានឹងចូលវត្តមួយភ្លែតសិន។ ពេលចូលទៅ គឺនៅធម្មតា សកម្មភាពអ្វីគឺធម្មតា សម្តេចលោកក៏មិនបានដឹង ព្រោះយើងមិនបានធ្វើកម្មវិធីអ្វីនោះទេ…អត់មានប្រាប់ខាងវត្តថា សម្តេចនឹងចូលវត្តនោះទេ អញ្ចឹងនៅពេលដែលចូលទៅដល់ក៏សំណេះសំណាលជាមួយលោក លោកក៏មកទទួល…អាចារ្យគណៈកម្មការវត្តក៏រត់មកទួល…បន្ទាប់ពីសំណេះសំណាលរួច លោកសង្ឃ និងតាអាចារ្យ ក៏បានហុចសៀវភៅគម្ពីរ ដើម្បីឱ្យសម្តេចចាក់ផ្សង។ លោកបានចាក់រួច ក៏ឃើញថា គឺលោកនឹងមានគ្រោះថ្នាក់ធំ ខ្មៅងងឹត ប៉ុន្តែនៅក្នុងគ្រោះថ្នាក់នោះ គឺមានព្រះអង្គជួយ…មានបារមីជួយ និងអត់អីនោះទេ អញ្ចឹងនៅពេលនោះហើយ សម្តេចក៏បានសូមឱ្យលេងភ្លេង សុំសេចក្តីសុខ៧បទ។ គ្រាន់តែចាប់ផ្តើមលេងភ្លេង គឺខ្យល់ព្យុះមក…ពពកប្រែទៅជាខ្មៅ មីដេរដាស់ លើចំនៅកន្លែងហ្នឹងតែម្តង រួចក៏ចាប់ផ្តើមធ្លាក់ភ្លៀងតែម្តង។ បន្ទាប់ពីលេងថ្វាយភ្លេង ៧បទចប់ ក៏ថ្វាយបង្គំលាព្រះអង្គត្រឡប់មកអូតែលវិញ»។
ហេតុការណ៍ប្រែប្រួលរបស់អាកាសធាតុនាពេលនោះ មិនមែនជារឿងចៃដន្យនោះទេ ដោយសារតែនារសៀលថ្ងៃទី២៣ ខែកញ្ញានោះ មេឃដែលពេលនោះស្រឡះសោះ ស្រាប់តែប្រែប្រួល ដោយមានពពកមីរដេរដាស ហើយភ្លៀងក៏បង្អុរចុះមក ដូចគេចាប់ហែកមេឃ។ លោក មាស សុខុន បានគិតថា នេះគឺជាអភិនិហារនៃបារមីទឹកដីអង្គរ មកឃុំគ្រងដល់សម្តេច និងជួយបញ្ចៀសគ្រោះកាច ដល់រូបសម្តេច ក៏ដូចជាប្រទេសកម្ពុជា កុំឱ្យមានគ្រោះអាសន្ន។
ម៉ោងប្រមាណជាបួនរសៀល ដែលមេឃកំពុងមានភ្លៀងធ្លាក់នោះសម្តេច ហ៊ុន សែន និងក្រុមការងារ បានត្រឡប់មកដល់កន្លែងស្នាក់នៅឯកន្លែងសណ្ឋាគារគោកធ្លកវិញ ដោយធ្វើដំណើរកាត់តាមដងផ្លូវ ដែលមានមានព្រៃដុះក្រាស់ទ្រុបទ្រុលទាំងសងខាង។
នៅយប់ថ្ងៃនោះ ភ្លៀងបានធ្លាក់ពេញមួយយប់ ដែលគេមិននឹកស្មានដល់ឡើយ ពីព្រោះប្រមាណ៣ថ្ងៃមុននេះ មិនមានការធ្លាក់ភ្លើងឡើយ ប៉ុន្តែចម្លែកតែនៅថ្ងៃទី២៣ កញ្ញា ភ្លៀងបានធ្លាក់ខ្លាំង ចាប់ពីក្បាលល្ងាចជាមួយនឹងស្នូរផ្គរនិងរន្ទះលាយឡំគ្នា។
សម្តេច តេជោ ហ៊ុនសែន ក្នុងប្រសាសន៍រំលឹកនូវព្រឹត្តិការណ៍២៦ឆ្នាំមុន ដែលសម្តេចបានរួចផុតពីការប៉ុនប៉ងសម្លាប់របស់ឃាតក បានសរសេរបញ្ជាក់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយការដឹងគុណដល់ទេពតាដែលបណ្តាលឱ្យមានមេឃធ្លាក់ភ្លៀងដ៏ធំក្នុងពេលនោះ។ សំណេររបស់សម្តេច បានបញ្ជាក់ថា «សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណ ដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺ រហូតម៉ោង៨ព្រឹក ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំ នៅម៉ោង៨៖៥៥នាទី តាមខ្សែភ្លើងបញ្ជាពីចម្ងាយ»។
រំលឹកអំពីព្រឹត្តិការណ៍កាលពី២៦ឆ្នាំនោះវិញ តាមកម្មវិធីដែលបានព្រាងទុកក្បួនរថយន្តនៃ គណបក្សធំៗទាំងបី គឺគណបក្សប្រជាជនកម្ពុជាដែលទទួលបានអាសនៈ៦៤លើសគេ ត្រូវមកដល់ព្រះរាជដំណាក់នៅម៉ោង៩ព្រឹក។ ចំណែកគណបក្ស ហ៊្វុន ស៊ិនប៉ិច ដែលទទួលបានអាសនៈ៤៣ ត្រូវមកដល់នៅម៉ោង ៩៖១៥នាទី និងគណបក្ស សម រង្ស៊ី ដែលទទួល បានអាសនៈចំនួន១៥ ត្រូវមកដល់ម៉ោង ៩៖៣០នាទី។ នេះគឺជាការរៀបចំដ៏ចម្លែកមួយ ពីព្រោះបានតម្រូវឱ្យគណបក្សដែលឈ្នះឆ្នោត ត្រូវមានវត្តមានមុនគេផង និងក៏ត្រូវមករង់ចាំគណបក្ស ដែលមានសម្លេងគាំទ្រតិចជាងនោះថែមទៀត។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នាពេលព្រឹកនោះសម្តេច ហ៊ុន សែន បានជិះរថយន្តទី២ បន្ទាប់ពីរថយន្តនាំមុខ ហើយមានរថយន្តរបស់ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ដែលជិះរថយន្តតូចបន្ត។ នៅម៉ោង៨៖៥៥នាទី ក្បួនរថយន្តរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរមកដល់ក្លឹបកំសាន្តឈ្មោះ «យាឡិប» ក្បែរភោជនីយដ្ឋានបន្ទាយស្រី។
នៅពេលដែលក្បួនរថយន្តមកដល់ទីនោះ ឃាតករដែលសម្ងំក្បែរមនុស្សជាច្រើនក្នុងកន្លែងលក់បបរ និងនំបញ្ចុក បានចុចបញ្ជាតាមប្រព័ន្ធពីចម្ងាយ ដើម្បីឱ្យគ្រាប់បេសែសិបទាំងបួន អាចផ្ទុះព្រមគ្នា ប៉ុន្តែដោយសារតែគុណបុណ្យអម្ពូតហេតុមេឃធ្លាក់ភ្លៀងតាំងពីយប់ទល់ភ្លឺ បានធ្វើឱ្យគ្រាប់បង្កៃផ្ទុះតែមួយគ្រាប់ ហើយមួយគ្រាប់ដែលផ្ទុះនោះ បានហោះកាត់មុខកញ្ចក់រថយន្តសម្តេច ហ៊ុន សែន ចម្ងាយប្រមាណតែមួយចង្អាមតែប៉ុណ្ណោះ។
បើគ្មានមេឃធ្លាក់ភ្លៀងដ៏ធំនាវេលាយប់មួយកាលពីខែកញ្ញា នា២៦ឆ្នាំមុនក្នុងក្រុងសៀមរាបអង្គរនោះទេ ម្ល៉េះគេមិនទាន់ដឹងថា តើវាសនាកម្ពុជាដែលពេលនោះនៅមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ នឹងអាចមានភាពវិវត្តន៍យ៉ាងណាឡើយ រហូតមកទល់នឹងពេលនេះ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តញសង្គម ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានសរសេរបញ្ជាក់ថា «អាយុមិនអស់មិនស្លាប់ ដែលដូនតាបាននិយាយ ពិតជាត្រឹមត្រូវ»។
ភាពរួចផុតពីការតាមសម្លាប់នាកណ្តាលក្រុងអង្គរក្នុងខេត្តសៀមរាបនេះ ត្រូវគេចាត់ទុកថា គឺជាអម្ពូតហេតុដ៏សក្តិសិទ្ធិមួយនៃអង្គទសបារមី តែងថែរក្សាសម្តេច ដែលជោគវាសនាបានកំណត់ថា ជាអ្នកជួយសង្គ្រោះកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល២៨ឆ្នាំ និងការជួយធ្វើឱ្យកម្ពុជាឯកភាពទឹកដី ទាំងស្រុង មិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ។
ឃាតក ដែលបំផ្ទុះគ្រាប់បេសែសិប នាពេលនោះ ត្រូវបានគេស្គាល់ឈ្មោះថា សុខ យឿង ដែលជាមនុស្សស្និទ្ធនឹង សម រង្ស៊ី ហើយតាមរយៈរូបថតដែលបង្ហាញមកនេះ គេមិនអាចប្រកែកបានឡើយ នូវអំពើឃុបឃិតគ្នារវាង សម រង្ស៊ី និងឃាតកឈ្មោះ សុខ យឿង នោះឡើយ។
ឃាតក សុខ យឿង ម្នាក់នោះក្រោយមកត្រូវបាន ក្រុមដែលជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បានជួយជម្លៀសចេញទៅប្រទេសហ្វាំងឡង់ បន្ទាប់ពីបានរត់គេចចេញ ទៅប្រទេសថៃភ្លាមៗ ក្រោយហេតុការណ៍ បាញ់ប្រហារមិនបានសម្រេចនៅក្នុងខេត្តសៀមរាប នោះមក។ នេះជាហេតុការណ៍មួយ ដែលប្រទេសមួយអះអាងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែរជាមកជួយបុគ្គលម្នាក់ ដែលរត់ចេញពីកម្ពុជាក្រោយការធ្វើឃាតមិនបានសម្រេច ដាក់មកលើសម្តេច ហ៊ុន សែន នាគ្រានោះ។
សម្តេចតេជោបានថ្លែងថា ពួកគេចោទសម្តេចថា «ជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកគេនោះទេ គឺជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្តេជ្ញា នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៤ថា សម្តេចនឹងមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិ បំផ្លាញជីវិតសម្តេច និងក្រុមគ្រួសារសម្តេច ក៏ដូចជាបំផ្លាញជីវិតប្រជាជនកម្ពុជាតទៅទៀតនោះឡើយ។ សម្តេចតេជោបានបញ្ជាក់ការប្តេជ្ញាថា «ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខដែលជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ»។ សម្តេចបានបញ្ជាក់ថា សម្តេច «អាចនៅសល់ពេល១០ឆ្នាំ ពី២ឬ៣ដងទៀត ដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ»។
ការប៉ុនប៉ងធ្វើឃាតម្តងហើយម្តងទៀត យ៉ាងហោចចំនួន៦ដង ដោយក្រុមឃាតក ដែលជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ត្រូវបានក្រុមគណៈកម្មការនិពន្ធសៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បានថ្លែងចាត់ទុកថា វាស្មើនឹងការចង់សម្លាប់អ្នកកសាងសន្តិភាពជាតិខ្មែរ សម្តេច តេជោ ហ៊ុន សែន ដែលជាវីរជនមានគុណបំណាច់ដ៏ធំធេង ក្នុងប្រវត្តិសាស្ត្រជាតិ។ ប្រធានក្រុមការងារស្រាវជ្រាវនិពន្ធនៃសៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» ឯកឧត្តម មាស សុខុន បានស្នើរកការបង្កើតនូវទិវាចងចាំមួយ ដើម្បីអាចឱ្យកូនខ្មែរគ្រប់ជំនាន់មិនត្រូវភ្លេចទេថា ដោយសារតែការរកសន្តិភាពនេះហើយ បិតានៃសន្តិភាពជាតិ សម្តេចតេជោ ហ៊ុន សែន បានឆ្លងកាត់ការប៉ុនប៉ងសម្លាប់ចំនួន៦ដង រហូតមកទល់នឹងពេលនេះ៕