(ចិន)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤នេះបានអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាកម្រិតរដ្ឋមន្រ្តីក្រោមប្រធានបទ៖ «អភិបាលកិច្ចសកល» ដើម្បីជំរុញភាពជាដៃគូសកលលើការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះបានប្រព្រឹត្តទៅក្រោមអេធិបតីភាពរបស់លោក Li Xiaopeng រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីដឹកជញ្ជូនពីប្រទេសចំនួន៣០ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូបផងដែរ។
នាឱកាសនោះលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានគូសបញ្ជាក់ជូនអង្គវេទិកាថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកអភិបាលកិច្ចល្អជាស្នូល នៃការអភិវឌ្ឍប្រកបដោយនិរន្តភាព ដោយផ្តោតជាសំខាន់ទៅលើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នអន្តរជាតិ និងវិស័យឯកជន ដោយដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ ជាមួយនឹងចក្ខុវិស័យធានាឱ្យបានការដឹកជញ្ជូនប្រកបដោយ និរន្តរភាព ឆ្លើយតបទាន់ពេលវេលា បរិយាប័ន្ន មានភាពធន់ និងមានភាពប្រទាក់ក្រឡាគ្នាល្អក្នុងកម្រិតផ្ទៃក្នុងប្រទេស តំបន់ និងសកលលោក។
គួបញ្ជាក់ផងដែរថា វេទិកាកម្រិតរដ្ឋមន្រ្តីនេះ បានពិភាក្សាឱ្យកាន់តែស៊ីជម្រៅនូវអភិបាលកិច្ចជាសកល និងការពង្រឹងភាពជាដៃគូជាសាកល ក្នុងកិច្ចអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយនិរន្តភាព និងបានដាក់ចេញនូវ ចក្ខុវិស័យ សំដៅបន្តឱ្យមានវេទិកាជាសកលនេះតទៅទៀត ដើម្បីដោះស្រាយបញ្ហា និងការប្រឈមនានាក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងបង្កើតជាមូលដ្ឋានគ្រឹៈសម្រាប់ការឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាព ដោយឈរលើគោលការណ៍ចំនួន៣ មានដូចជា៖
១៖ ប្រកាន់ខ្ជាប់នូវពហុភាគីនិយមក្នុងការពិភាក្សា ចូលរួម ចែករំលែកផលប្រយោជន៍គ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាល
២៖ ជួយគ្នាទៅវិញទៅមក និងរួមគ្នាកសាងប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តភាព
៣៖ ពង្រឹងកិច្ចសហប្រត្តិការក្នុងការតភ្ជាប់ នវានុវត្តន៍ បច្ចេកវិទ្យា អន្តរកាលបៃតង និងការបញ្ចេញកាបូនតិច៕