(ឡូសអែនជែឡេស, អាមេរិក)៖ ក្នុងដំណើរបេសកកម្មកៀរគរអ្នកវិនិយោគអាមេរិកមកវិនិយោគនៅកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរដល់ក្រុងឡូសអែនជែឡេស សហរដ្ឋអាមេរិកហើយ។
ជាមួយដំណើរដល់ទឹកដីក្រុងឡូសអែនជែឡេស លោកឧបនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ដ៏ធំ មានវត្តមាននៅតំបន់ជាច្រើនជុំវិញពិភពលោក ដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុប ជាដើម។
តាមរយៈជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុនឱ្យបានជ្រាបថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និងអរូបិយ។
ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូរបស់ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបរិយាសកាសវិនិយោគ និងធ្វើដំណើរកម្សាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate បានឯកភាពនឹងការអញ្ជើញខាងលើ ហើយគ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងវឌ្ឍនភាពនៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុងមានវត្តមាននៅកម្ពុជាផងដែរ៕