(ភ្នំពេញ)៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីសិក្សាលម្អិតបច្ចេកទេស រៀបចំឯកសារប្លង់លម្អិត និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation។

ពិធីនេះមានការចូលរួមពីលោកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមអង្គភាពក្រោមឱវាទក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន ទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងគោលបំណងឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើការសិក្សាលម្អិតលើបច្ចេកទេស ការរៀបចំឯកសារ និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ ត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ នាពេលខាងមុខ៕