(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ RULE.
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសោមនស្ស ដោយបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់ការសិក្សា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិត, កិច្ចគាំទ្រពីមាតាបិតា និង អាណាព្យាបាលរបស់និស្សិត រួមទាំងសកម្មភាព ពាក់ព័ន្ធដទៃទៀតនៅក្នុងកម្មវិធីសិក្សា ដែលធ្វើឱ្យសម្រេចបានធនធានមនុស្សប្រកបដោយ មូលធនមនុស្សបន្ថែម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អំណរគុណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានផ្តល់អាហារូបករណ៍ដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១,៥៦៣កន្លែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱកាសនៃការអប់រំអាចធ្វើទៅបានដូចពេលបច្ចុប្បន្ននេះ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព ការតភ្ជាប់ (ហេដ្ឋារចនាសម្ព័ន្ធ) ការរីកចម្រើនជីវភាពប្រជាពលរដ្ឋ និងការបើកឱកាសកាន់តែទូលាយសម្រាប់ការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធអប់រំនៅគ្រប់ប្រទេសទាំងអស់ ត្រូវតែធ្វើការកែលំអរជាប់ជាប្រចាំ គ្មានប្រទេសណាល្អឥតខ្ចោះនោះទេ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានមូលដ្ឋានអប់រំរឹងមាំនៅបឋមសិក្សា នៅមធ្យមសិក្សាទេនោះ មិនអាចមានមូលដ្ឋានរឹងមាំនៅឧត្តមសិក្សានោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់តាមដាន និងកែទម្រង់ជាប់ជាប្រចាំ ដើម្បីបានការអប់រំដែលល្អប្រសើរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បញ្ចប់ភ្លើងសង្គ្រាមហើយ ធនធានមនុស្សជារឿងត្រូវគិតគូរជាចម្បង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកដាក់ និងវិនិយោគលើការអប់រំ ដើម្បីឆ្លើយតបតនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ដែលចង់បានមនុស្សមានសមត្ថភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគលើការអប់រំ គឺជួយឱ្យពលរដ្ឋរស់ដោយខ្លួនឯង និងដោយចីរភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាលើពិភពលោក ប៉ុន្តែក៏ត្រូវពង្រឹងភាពប្រកួតប្រជែង ដូច្នេះត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ពេលជួបភ្ញៀវបរទេស សម្តេចតែងលើកបង្ហាញថា វិមានសន្តិភាព សាងសង់ដោយដៃកូនខ្មែរសុទ្ធសាធ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្ស គឺជាការពង្រឹងភាពធន់នៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សជាភាពធន់ ជួយឱ្យការស្រោចស្រង់ប្រទេសជាតិពីគ្រោះអាសន្នផ្សេងៗបានលឿនរហ័ស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើកើនតែប្រាក់បៀវត្សរ៍ តែផលិតភាពអត់កើន នឹងធ្វើឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរក្រសួងមុខងារសាធារណៈ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានប្រឹងប្រែងរៀបចំការប្រលងជ្រើសរើសមន្ត្រីរាជការប្រកបដោយភាពត្រឹមត្រូវ ឈរលើទ្រឹស្តី «អ្នកចេះ គឺជាប់»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកថា រៀននៅសាលាយោធាអាមេរិក ក៏គេផ្តើមពិនិត្យពីការងារតូចៗរួមមាន ការបត់ភួយ រៀបចំខ្នើយ និងបត់អាវជាដើម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅក្រសួងយុត្តិធម៌ ប្តឹងទៅឧទ្ធរណ៍លើករណីបុរសបុករះនៅស្ពានអាកាសឫស្សីកែវ ដើម្បីពិនិត្យមើល តើការកាត់ទោសនេះគ្រប់គ្រាន់ហើយឫនៅ?
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យធ្វើវិសោធនកម្មដាក់ទោសទណ្ឌឱ្យបានតឹងរឹង លើជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថា និស្សិតជយលាភីទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីកសាងខ្លួនឱ្យកាន់តែស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយ ប្រើជំនាញ ចំណេះដឹង និង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និង ដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុ ជាតិមាតុភូមិដ៏ថ្លៃថ្លា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សាផ្នែកទ្រឹស្តីនៅក្នុងថ្នាក់បានជួយឱ្យជ័យលាភីមាន មូលដ្ឋានច្បាស់លាស់ក្នុងការត្រិះរិះពិចារណា ថ្លឹងថ្លែង និងបានយល់ពីតម្លៃពិតនៃចំណេះដឹង ជំនាញ សម្រាប់អភិវឌ្ឍខ្លួននៅអនាគត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យលាភីទាំងអស់ ចងចាំថាមានតែចំណេះវិជ្ជាទេដែលអាចជួយលើកស្ទួយប្រទេស ជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យលាភីត្រូវយល់ថា ដើម្បីក្លាយខ្លួនជាបញ្ញវន្ត ប្រកបដោយគុណវុឌ្ឍរឹងមាំប្អូនៗជ័យលាភីត្រូវបន្តខិតខំប្រឹងប្រែងបន្តសិក្សាស្រាវជ្រាវដោយខ្លួនឯង ខិតខំអានសៀវភៅឱ្យបានច្រើន និង ព្យាយាមដុសខាត់រំលឹកឡើងវិញជាប្រចាំនូវចំណេះដឹង ទាំងនោះ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និង សង្គមជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលបានសញ្ញាប័ត្រ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិតនៃការសិក្សារបស់ប្អូន។ ដូច្នេះ, ត្រូវបន្តសិក្សារៀនសូត្របន្ថែមនៅកម្រិតខ្ពស់បន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួន ឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យលាភីទាំងអស់ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ
និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ដំបូន្មានថា កុំធ្វើជាមនុស្សទឹកកក ត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និង កីឡា និង វិស័យឯកជន បន្តធ្វើការ កែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្ដោត ការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញដែលជាតម្រូវការក្នុងទីផ្សារការងារ និង ទិសដៅនៃការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និងឌីជីថល ដើម្បីបង្កើនភាពប្រកួតប្រជែងកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចអភិវឌ្ឍន៍នៅខេត្តភាគឦសាន មិនបានដកថយនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា CLV ត្រូវបានបញ្ចប់ ប៉ុន្តែកិច្ចអភិវឌ្ឍន៍នៅខេត្តទាំង៤នៅភាគឦសាន មិនបានដកថយនោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់ CLV គ្មានអ្នកឈ្នះ ឬចាញ់នោះឡើយ គឺជាតិខ្មែរជាអ្នកឈ្នះ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការបោះបង្គោលព្រំដែន និងធ្វើផ្លូវក្រវាត់ព្រំដែននៅខេត្តភាគឦសាន នៅតែបន្តធ្វើ ទោះបញ្ចប់ CLV។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកដីខ្មែរដែលបាត់បង់ក្នុងប្រវត្តិសាស្ត្រ ដោយសារតែកូនខ្មែររវល់កាប់ចាក់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា CLMV គឺជាយន្តការរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV គឺជាការដកដាវ ដកគ្រាប់ភ្លើង ចេញពីក្រុមប្រឆាំងនៅក្រៅប្រទេស។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការហួសចិត្តចំពោះវិវាទទស្សនៈរបស់ខ្មែរពាក់ព័ន្ធកម្មវិធី Gumball 3000។ សម្តេចធិបតី បានថ្លែងថា កម្មវិធីចប់ បរទេសគេចេញទៅអស់ហើយ បែរជាខ្មែរឈ្លោះគ្នាមិនទាន់ចប់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមហ៊ុនជីពម៉ុង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការ Gumball 3000 ឱ្យបានជោគជ័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ថ្លែងសុន្ទរកសំណេះសំណាលនៅវេលាម៉ោង១០៖១៣នាទីព្រឹក, សូមអរគុណចំពោះការទស្សនា ផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕