(ភ្នំពេញ)៖ ដើម្បីអបអរគម្រប់ខួប១០ឆ្នាំ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសផ្ដល់អាហារូបករណ៍ និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភសរុបចំនួន១៥០កន្លែងជូនដល់សិស្សានុសិស្សទាំងអស់ ដែលទើបនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៤នេះ។

ក្នុងនោះ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ នឹងផ្តល់ជូនអាហារូបករណ៍តាមនិទ្ទេសចំនួន ១២០កន្លែង និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភចំនួន ៣០កន្លែង ដល់សិស្សនិស្សិតផងដែរ។

លោកបណ្ឌិត Masamu Kamaga នាយកវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រារព្ធខួបលើកទី១០ នៃការបង្កើតវិទ្យាស្ថានរបស់យើង ជាមួយនឹងការផ្តល់ជូនអាហារូបករណ៍ និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភជាច្រើនកន្លែង ជូនដល់សិស្សនិស្សិតនៅទូទាំងប្រទេស ដែលមានទេពកោសល្យ សមត្ថភាព និងភាពវ័យឆ្លាត។ ការផ្ដល់ជូននេះធ្វើឡើងក្នុងគោលដៅផ្តល់ឱកាសឱ្យពួកគេសម្រេចបាននូវក្តីសុបិន្ត ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា»

លោកនាយក បានបន្តទៀតថា វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ តែងតែស្វែងរកគំនិតផ្ដួចផ្តើមថ្មីៗដើម្បីធ្វើឱ្យកម្មវិធីសិក្សារបស់សិស្សនិស្សិតកាន់តែប្រសើរឡើង ពីមួយជំនាន់ទៅមួយជំនាន់។ វិទ្យស្ថានប្ដេជ្ញាចិត្តថា នឹងផ្ដល់ជូនសិស្សនិស្សិតរបស់យើងនូវការសិក្សាប្រកបដោយគុណភាព និងមានការទទួលស្គាល់ជាសកល ជាមួយនឹងកម្មវិធីសិក្សាដែលផ្ដោតលើគម្រោងស្រាវជ្រាវទំនើប និងការហាត់ការជាមួយក្រុមហ៊ុនដៃគូរ ទាំងនៅក្នុងស្រុកនិងក្រៅស្រុក។

សូមជម្រាបថា ក្នុងឆ្នាំសិក្សាថ្មី ២០២៤ - ២០២៥ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនឹងផ្តល់ជូនអាហារូបករណ៍តាមនិទ្ទេសបាក់ឌុបចំនួន ១២០កន្លែង សម្រាប់សិស្សានុសិស្សដែលទទួលបាននិទ្ទេសសរុប A, B, C និង D ជាមួយការបញ្ចុះតម្លៃសិក្សាក្នុងឆ្នាំទី១ដូចខាងក្រោម៖

*និទ្ទេស A ៖ អាហារូបករណ៍ ១០០% (៣០ កន្លែង)
*និទ្ទេស B ៖ អាហារូបករណ៍ ៧០% (៣០ កន្លែង)
*និទ្ទេស C ៖ អាហារូបករណ៍ ៥០% (៣០ កន្លែង)
*និទ្ទេស D ៖ អាហារូបករណ៍ ២០% (៣០ កន្លែង)។

លើសពីនេះ វិទ្យាស្ថានក៏ផ្តល់ជូនអាហារូបករណ៍តាមនិទ្ទេសផងដែរ គិតចាប់ពីឆ្នាំទី២ឡើងទៅ ដោយផ្អែកលើលទ្ធផលសិក្សានៅក្នុងឆ្នាំមុនៗ ជាមួយនឹងការបញ្ចុះតម្លៃសិក្សាដូចខាងក្រោម ៖

*និទ្ទេស A+ អាហារូបករណ៍ ១០០%
*និទ្ទេស A អាហារូបករណ៍ ៧០%
*និទ្ទេស B+ អាហារូបករណ៍ ៥០%
*និទ្ទេស B អាហារូបករណ៍ ៣០%

ក្រៅពីអាហារូបករណ៍ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យផ្ដល់ជូនផងដែរនូវកម្មវិធីសិក្សា ក្រោមជំនួយឧបត្ថម្ភចំនួន៣០កន្លែងជូនដល់សិស្សនិស្សិតនៅទូទាំងប្រទេស ដែលមានលក្ខណ្ឌដូចខាងក្រោម៖

*និស្សិតដែលស្ថិតក្នុងសហគមន៍ក្រីក្រ
*និស្សិតដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ
*និស្សិតដែលរស់នៅទីជនបទដាច់ស្រយាល

កម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភនេះរួមបញ្ចូលថ្លៃសិក្សា ស្នាក់នៅ និងអាហារក្នុងរយៈពេល៤ឆ្នាំ។ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ តែងតែយកចិត្តទុកដាក់ចំពោះនិស្សិត ដែលជួបការលំបាកក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាមួយនឹងការបង្កើតកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភនេះឡើងដើម្បីលើកទឹកចិត្តពួកគេឱ្យខិត្តខំរៀនសូត្រ និងតស៊ូក្នុងជីវិតដើម្បីទទួលបានភាពជោគជ័យហើយក្លាយខ្លួនជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិនៅថ្ងៃអនាគត។

សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភតាមរយៈទម្រង់ស្នើសុំតាមប្រព័ន្ធអនឡាញ ដែលនឹងត្រូវផុតកំណត់ដូចខាងក្រោម៖

*កម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភនឹងផុតកំណត់នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤
*អាហារូបករណ៍នឹងផុតកំណត់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤
*ការទទួលពាក្យស្នើសុំចូលរៀនទូទៅនឹងផុតកំណត់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ មានទីតាំងស្ថិតនៅឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ។ វិទ្យាស្ថានមានមុខវិទ្យាសំខាន់ៗចំនួនបី៖ វិស្វកម្មកុំព្យូទ័រ ស្ថាបត្យកម្ម និងគ្រប់គ្រងទេសចរណ៍ ជាមួយនឹងកម្មវិធីសិក្សាពិសេសផ្ដោតលើការស្រាវជ្រាវ ការអនុវត្តន៍ជាក់ស្ដែង និងការហាត់ការជាមួយក្រុមហ៊ុនដៃគូរក្នុងស្រុក និងក្រៅស្រុក។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា៖
*Website: www.kit.edu.kh
*Telegram: 016 575 011 / 010 575 011
*Tel: 078 777 344 / 095 777 841
*Email: [email protected]