(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានកោតសរសើរ ដល់ក្រសួងមុខងារសាធារណៈ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានប្រឹងប្រែងរៀបចំ ការប្រលងជ្រើសរើស មន្ត្រីរាជការប្រកបដោយភាពត្រឹមត្រូវ ឈរលើទ្រឹស្តី «អ្នកចេះ គឺជាប់»។
ការកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសរសើរទៅដល់ក្រសួងមុខងារសាធារណៈ, អង្គភាពប្រឆាំងអំពើពុករលួយ (ACU), ស្ថាប័នពាក់ព័ន្ធ ដែលខិតខំជំរុញការប្រកួតប្រជែង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទិសដៅរាជរដ្ឋាភិបាល គឺរើសឲ្យត្រូវ រើសឲ្យសុក្រឹត ផ្តល់លទ្ធភាពឲ្យស្មើគ្នា ដើម្បីចម្រាញ់យកគុណភាព «អ្នកចេះជាប់ អ្នកមិនជាប់ក៏អស់ចិត្ដ អ្នកជាប់ ជាប់ដោយមោទន»។
បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ការកំណែទម្រង់រដ្ឋបាលសាធារណៈ និងការជ្រើសរើសមន្ត្រី មានការប្រលងច្រើន គិតមកដល់ពេលនេះ ឃើញថា មានអ្នកដាក់ពាក្យជាង៨ម៉ឺននាក់។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា ការកំណែទម្រង់ស្ថាប័ន នៅខាងក្នុង និងការពង្រឹងនូវ ប្រសិទ្ធភាពស្ថាប័ន គឺត្រូវអាស្រ័យទៅលើ ការពង្រឹងធនធានមនុស្ស ជាពិសេសការរៀបចំជ្រើសរើសដំបូង និងការបំពាក់បំប៉នបន្ថែម ទៅដល់មន្ត្រីដែលមានស្រាប់។
សូមជម្រាបថា រាជរដ្ឋាភិបាល នៅក្នុងអាណត្ដិទី៧នេះ បានផ្ដល់ជាគោលការណ៍ណែនាំ មកកាន់ក្រសួងមុខងារសាធារណៈថា រាល់ការប្រលងចូលបម្រើ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ស៊ីវិលទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល របស់មុខងារសាធារណៈ គឺក្រសួងមុខងារសាធារណៈត្រូវជាអ្នករៀបចំ។
អ្វីដែលក្រសួងមុខងារសាធារណៈ បានខំប្រឹងប្រែងធ្វើនៅក្នុងអាណត្តិទី៧នេះ ដែលក្រសួងបានទទួលគោលការណ៍ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត គឺការរៀបចំប្រព័ន្ធមួយ ដើម្បីផ្តល់ឱកាសឲ្យអ្នក ដែលមានបំណងចូលរួម ក្នុងការប្រលងប្រកួតប្រជែង បម្រើការងារនៅក្នុងវិស័យសាធារណៈ គឺមានឱកាសស្មើៗគ្នា ហើយផ្អែកទៅលើសមត្ថភាពរៀងៗខ្លួន។
បើតាមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, ការរៀបចំដំណើរការប្រលង គឺធានាការផ្តល់ឱកាសស្មើៗគ្នា ហើយនិងឱកាសច្រើនដង ដើម្បីឲ្យយុវជន-យុវនារី ដែលមានបំណងប្រាថ្នា មានចិត្តចង់ ហើយមានក្ដីស្រមៃ ចង់ចូលរួមការប្រកួតប្រជែង ផ្អែកលើសមត្ថភាពរបស់ខ្លួន នឹងក្លាយទៅជាមន្ត្រីរាជការស៊ីវិល។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដថា កិច្ចការទាំងអស់នេះ វាទៅព្រមៗគ្នា ហើយក្រសួងជាសេនាធិការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតផង ក៏ជាអ្នកបម្រើប្រជាជនផង តាមរយៈការ រៀបចំប្រព័ន្ធជ្រើសរើសនេះ គឺគិតគូរដើម្បីផ្តល់ជាយន្ដការ ផ្តល់ជាលក្ខណៈសម្បត្តិ និងការរៀបចំប្រព័ន្ធ ដើម្បីឲ្យយុវជន-យុវនារី អាចសម្រេចបានក្ដីស្រមៃរបស់គាត់៕