(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃពុធ ទី២៥ ខែកញ្ញា បានរៀបចំកិច្ចប្រជុំដ៏ពិសេស អំពីការរៀបចំកម្មវិធីប្រកួតតុលាការប្រឌិដ្ឋកម្ពុជា ដើម្បីលើកកម្ពស់វិជ្ជាជីវៈផ្នែកច្បាប់ដល់និស្សិតកម្ពុជា និងរួមចំណែកកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា។ កម្មវិធីប្រកួតដែលនឹងត្រូវរៀបចំឡើងជាភាសាខ្មែរនេះ នឹងជួយដល់និស្សិតឱ្យយល់ដឹងអំពីដំណើរការតតាំងក្ដីនៅក្នុងបន្ទប់សវនាការ និងការស្រាវជ្រាវឯកសារច្បាប់តាមរយៈសំណុំរឿងប្រឌិដ្ឋនីមួយៗ។

កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅក្នុងសាលពហុបំណងនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ក្នុងរាជធានីភ្នំពេញនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងយុត្តិធម៌ ក្រសួងអប់រំ និងតំណាងសាកលវិទ្យាល័យចំនួន ១៦ មកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. ដែលបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ មានសារៈសំខាន់ណាស់ដើម្បីជំរុញឱ្យការរៀបចំកម្មវិធីប្រកួតប្រជែងតុលាការប្រឌិដ្ឋកម្ពុជា ដែលនឹងគ្រោងរៀបចំឡើងនៅក្នុងពេលខាងមុខនេះដំណើរការទៅបានដោយរលូន និងស្របតាមពេលវេលាដែលបានគ្រោងទុក។ កម្មវិធីតុលាការប្រឌិដ្ឋកម្ពុជា នឹងជួយឱ្យនិស្សិតច្បាប់របស់កម្ពុជាបង្កើនការយល់ដឹងអំពីគោលការណ៍ច្បាប់ ការតស៊ូមតិក្នុងបន្ទប់សវនាការ តាមរយៈសេណារីយ៉ូកលើសំណុំរឿងជាក់ស្តែង និងជំនាញស្រាវជ្រាវផ្នែកច្បាប់។

លោក ក្រាញ់ តូនី បញ្ជាក់ថា «កម្មវិធីប្រកួតប្រជែងតុលាការប្រឌិដ្ឋកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងប្រវត្តិសាស្រ្តលើកដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវធ្វើឡើងជាភាសាខ្មែរ។ គោលបំណងនៃការរៀបចំកម្មវិធីតុលាការប្រឌិដ្ឋកម្ពុជានេះ គឺដើម្បីចូលរួមកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងបង្កើនធនធានមនុស្សនៅក្នុងប្រព័ន្ធតុលាការរបស់កម្ពុជា។ កម្មវិធីនេះ នឹងជួយពង្រឹងចំណេះដឹងផ្នែកច្បាប់ និងផ្នែកតុលាការឱ្យបានត្រឹមត្រូវ ផ្អែកលើគោលការណ៍គតិយុត្តិ យុត្តិធម៌ អព្យាក្រឹតភាព តម្លាភាព និងអភិបាលកិច្ចល្អ»

លោក គឺ ខេមលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិនិងអភិវឌ្ឍន៍វិស័យយុត្តិធម៌ តំណាងឱ្យក្រសួងយុត្តិធម៌ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២នេះ បានគាំទ្រចំពោះកិច្ចផ្ដួចផ្ដើមនៃការរៀបចំតុលាការប្រឌិដ្ឋកម្ពុជានេះ ដោយលោកថា កម្មវិធីប្រកួតនេះនឹងជួយកសាងសមត្ថភាព និស្សិតកម្ពុជាឱ្យបានយល់ច្បាស់ពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

«ខ្ញុំយល់ថា នឹងគឺជាគំនិតផ្ដួចផ្ដើមល្អមែនទែន ដែលអនុញ្ញាតឱ្យនិស្សិតយើងមានការចូលរួមប្រកួតប្រជែង ជាពិសេសនិស្សិតយើងថ្នាក់ក្រោមបរិញ្ញាប័ត្រ នឹងមានការចូលរួម ជាពិសេសគឺក្នុងវិស័យយុត្តិធម៌កាន់តែល្អ ព្រោះសវនាការត្រាប់នេះកាន់តែរីកចម្រើន នោះមានន័យថាកម្រិតនៃការយល់ដឹងរបស់និស្សិតយើងហ្នឹងគឺកាន់តែយល់ដឹងអំពីប្រព័ន្ធច្បាប់យើងនឹង»។ លោកថ្លែងបែបនេះ។

ចំណែក លោកបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ តំណាងឱ្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះដែរ ដោយនិយាយថា កម្មវិធីប្រកួតតុលាការប្រឌិដ្ឋកម្ពុជា នេះ នឹងជួយបង្កើនសមត្ថភាពផ្នែកតុលាការដល់និស្សិតកម្ពុជានៅក្នុងសហគមន៍អន្ដរជាតិផងដែរ។

លោកថា «ខ្ញុំគិតថាជាចំណុចចាប់ផ្ដើមល្អ ហើយខ្ញុំមានការគាំទ្រ នេះឆ្លុះបញ្ចាំងថាខ្មែរយើងបានឈានទៅមុខមួយជំហ៊ាន ជាពិសេសក្នុងវិស័យតុលាការតែម្ដង ដើម្បីយើងឈានដំណើរទៅមុខដោយសមមុខសមមាត់ជាមួយសហគមន៍អន្ដរជាតិ ជាពិសេសគឺការប្រើប្រាស់ភាសាខ្មែរតែម្ដង វានឹងជួយលើកស្មារតីកូនខ្មែរដែលរៀនផ្នែកច្បាប់ ឱ្យគេមានទំនុកចិត្ត បទពិសោធន៍ក្នុងការដេញដោល ក្រេបយកចំណេះដឹងប្រព័ន្ធច្បាប់ និយាយឱ្យចំមានបទពិសោធន៍ មានចំណេះ គឺមានទំនុកចិត្ត និងអាចតតាំងលើឆាកអន្ដរជាតិបាន»

សូមបញ្ជាក់ថា តុលាការប្រឌិដ្ឋកម្ពុជា ដែលនឹងរៀបចំពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ នេះ មានដំណាក់កាលជាច្រើនដែលនិស្សិតត្រូវអនុវត្ត ដូចជា ការដាក់សារណាជាលាយលក្ខណ៍អក្សរ វគ្គសួរដេញដោលផ្ទាល់មាត់បឋម និងផ្ដាច់ព្រ័ត្រ ត្រូវបានកំណត់នៅក្នុងខែមីនា ឆ្នាំ២០២៥។ អ្នកចូលរួមនឹងមានឱកាស អាចឈ្នះរង្វាន់ មេដាយ និងអាហារូបករណ៍ជាដើម៕