(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលាស្តីពី «វិធីសាស្ត្រនៃការចងក្រងវចនានុក្រមខ្មែរឆ្នាំ២០២២ និង តម្រូវការសម្រាប់ធ្វើបច្ចុប្បន្នកម្មនិងទំនើបកម្មក្នុងពេលអនាគត» ដើម្បីរួមចំណែកអភិរក្ស អភិវឌ្ឍភាសា និងអក្សរសាស្ដ្រខ្មែរ ឱ្យសមស្របទៅតាមស្ថានភាព នៃការរីកចម្រើនរបស់សង្គមខ្មែរ និងពិភពលោក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត ព័ត៌មានវិទ្យា។ ដោយមានការចូលរួមពី លោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក គុយ រិន អនុប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូប រៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ «ក.ជ.ភ.ខ.» នៃរាជបណ្ឌិត្យសភាកម្ពុជា នៅសាលទន្លេសាបអគារខេមរវិទូ។
សិក្ខាសាលាស្តីពី «វិធីសាស្ត្រនៃការចងក្រងវចនានុក្រមខ្មែរឆ្នាំ២០២២និងតម្រូវការសម្រាប់ធ្វើ បច្ចុប្បន្នកម្មនិងទំនើបកម្មក្នុងពេលអនាគត»នេះ មានគោលបំណងដើម្បីបង្ហាញអំពីវិធីសាស្ត្រ និងបញ្ហាប្រឈមនានានៃការធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរឆ្នាំ២០២២ និងចែករំលែកបទពិសោធ និង តម្រូវការសម្រាប់ការធ្វើបច្ចុប្បន្នកម្មវចនានុក្រមនៅពេលអនាគត។
នាឱកាសនេះដែរ លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា ភាសា គឺជារបស់យើងទាំងអស់គ្នា ហើយភាសាតែងតែអភិវឌ្ឍន៍ទៅមុខជានិច្ច ពាក្យថ្មីៗកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះការងារចងក្រងវចនានុក្រម គឺជាការងារដែលចាំបាច់ហើយធ្វើបន្ដឥតឈប់ឈរ ក៏ប៉ុន្ដែទន្ទឹមទៅនិងការធ្វើវចនានុក្រម គឺមានរបស់ពីរដែលត្រូវយកចិត្ដទុកដាក់នោះមាន៖ ទីមួយ គឺវេយ្យាករណ៍របស់ភាសា វចនានុក្រម គឺជាអ្វីៗដែលយើងទាញចេញពីពាក្យពេជន៍ ព្រមទាំងវេយ្យាករណ៍នៅក្នុងភាសា ប្រសិនបើវេយ្យាករណ៍របស់យើងមិនបានរឹងមាំ ឬមួយវេយ្យាករណ៍របស់យើងមិនបានក្បេះក្បាយនាំឱ្យមានការលំបាកនៅក្នុងការធ្វើវចនានុក្រម និងទីពីរ គឺយកចិត្ដទុកដាក់ទៅលើភាសា ពីព្រោះសម័យនេះ គឺជាយុគសម័យដែលយើងប្រកាន់ភ្ជាប់ទៅលើទិសដៅឌីជីថល ពាណិជ្ជកម្មភាសា ដូច្នេះទៅលើ វចនានុក្រម ក៏ចូលទៅក្នុងទិសដៅឌីជីថល ពាណិជ្ជកម្មភាសាដែរ។
បន្ថែមពីនេះ លោក គុយ រិន បានបន្ដថា ការជ្រើសរើសមេពាក្យថ្មីដែលត្រូវពន្យល់បន្ថែមនេះរួមមាន៖ ពាក្យដែលគណៈកម្មាធិការបច្ចុប្បន្នកម្មវចនានុក្រមប្រមូលបាន មានច្រើន តែដោយសារ ពេលវេលាមានកំណត់ទើបយើងជ្រើសរើសយកមេពាក្យមួយចំនួនដើម្បីពន្យល់បន្ថែម សម្រាប់បញ្ចូលក្នុងវចនានុក្រមខ្មែរឆ្នាំ២០២២នេះ។ ចំណែកឯពាក្យថ្មី ដែលមិនទាន់បានពន្យល់ត្រូវរក្សាទុកក្នុងមូលទិន្នន័យសម្រាប់ពន្យល់នៅ ពេលក្រោយទៀត។
លោក គុយ រិន បានបន្ដថា បញ្ហាកម្រងទិន្នន័យភាសា «Corpus» គឺការធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរត្រូវមានសុសវែរជាចាំបាច់គឺកម្រងទិន្នន័យភាសា (Corpus)។
កម្រងទិន្នន័យភាសា ជាកម្មវិធីកុំព្យូទ័រដែលមានលទ្ធភាពជួយយើងដើម្បីវិភាគភាសាលើគ្រប់ ទិដ្ឋភាពភាសា មានដូចជា ន័យ សម្ព័ន្ធ ជាដើម ឧទាហរណ៍ កម្រងទិន្នន័យភាសាស្តេតអែនជីន
(Sketch Engine) ដើម្បីចូលប្រើប្រាស់កម្រងទិន្នន័យភាសាទាំងនោះ យើងត្រូវបង់ថវិកាមួយ ចំនួន។ ប៉ុន្តែដោយសារថវិកាមានកម្រិត យើងមិនអាចប្រើកម្រងទិន្នន័យនោះបានទេ។
យើងអាចប្រើប្រាស់កម្រងទិន្នន័យភាសាស៊ីឡាំង (SEAlang Library Khmer Dictionary)បាន ដោយមិនគិតថ្លៃ ប៉ុន្តែកម្រងទិន្នន័យនេះ ផ្អែកលើមេពាក្យ ដែលមានតែនៅក្នុង វចនានុក្រមខ្មែរបោះពុម្ព គ្រាទី៥ ឆ្នាំ១៩៦៧ប៉ុណ្ណោះ។
សូមជម្រាបដែរថា វចនានុក្រមខ្មែរជាផ្លូវការ ដែលគេនិយមហៅថា វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានបោះពុម្ព៥គ្រារួចមកហើយ ដែលក្នុងនោះ បោះពុម្ពគ្រាទី១ ឆ្នាំ១៩៣៨ (ភាគ១) និងឆ្នាំ១៩៤៣ (ភាគ២) បោះពុម្ពគ្រាទី២ ឆ្នាំ១៩៥២ (ភាគ២) បោះពុម្ពគ្រាទី៣ ឆ្នាំ១៩៥៨ (ភាគ១) និងឆ្នាំ១៩៦២ (ភាគ២) បោះពុម្ពគ្រាទី៤ ឆ្នាំ១៩៦២ (ភាគ១) និងបោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧ (ភាគ១) និងឆ្នាំ១៩៦៨ (ភាគ២)។
ចាប់ពីការបោះពុម្ពផ្សាយគ្រាទី៥ ក្នុងឆ្នាំ១៩៦៧-១៩៦៨ មកដល់ឆ្នាំ២០២២ គឺមានរយៈពេល ៥៥ឆ្នាំហើយ។ ក្នុងរយៈពេលជាងកន្លះសតវត្សនេះ វចនានុក្រមខ្មែរមិនទាន់ត្រូវបានធ្វើបច្ចុប្បន្នកម្ម នៅឡើយជាហេតុធ្វើឱ្យពាក្យថ្មីៗជាច្រើនដែលមានអត្ថិភាពក្នុងការប្រើប្រាស់ក៏មិនទាន់បានបំពេញ បន្ថែមក្នុងវចនានុក្រមខ្មែរនៅឡើយដែរ។ នៅក្នុងខែសីហា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជាធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ ដើម្បីរួមចំណែកអភិរក្សនិងអភិវឌ្ឍ ភាសានិងអក្សរសាស្ត្រខ្មែរឱ្យឆ្លើយតបនឹងតម្រូវការសង្គម សេដ្ឋកិច្ច ការរីកចម្រើននៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឱ្យសមស្របតាមបរិបទសាកលភាវូបនីយកម្ម៕