(ភ្នំពេញ)៖ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះលើកដំបូង ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិច លើកទី២៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងទី១៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ និងមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកប្រមាណ ១៨ប្រទេស។

ការប្រកាសអំពីការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិច លើកទី២៨ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំដោយ សមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Hairdressers and Cosmetologist Association-APHCA) និងសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

សមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Hairdressers and Cosmetologist Association-APHCA) គឺជាសមាគមជាងសក់ និងគ្រឿងសំអាង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាមូលដ្ឋានគ្រឹះនៃឧស្សាហកម្មថែសម្រស់ និងសក់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបង្កើតឡើងអស់រយៈពេលជិតបីទសវត្សរ៍មកហើយ។

លោក Ricky Reyes សមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក (APHCA) បានឱ្យដឹងថា តាមរយ:កិច្ចប្រជុំថ្នាក់ដឹកនាំសមាគម បានសម្រេច ជាឯកច្ឆ័នផ្តល់ សិទ្ធិឱ្យ កម្ពុជា ធ្វើ ជា ម្ចាស់ ផ្ទះ សម្រាប់ រៀបចំព្រឹត្តិការណ៍ ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ (The 28th Asian-Pacific Hair, Make-up & Beauty Olympics 2024) ដោយផ្អែកលើសក្ខីភាពចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែលប្រទេសកម្ពុជា បានបង្កើតឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងឧស្សាហកម្មសម្រស់ និងសក់ និងការអភិវឌ្ឍជារួមនៅក្នុងឧស្សាហកម្មនេះផងដែរ។

លោកបានបន្តថា ចំណុចសំខាន់នៃការសម្រេចចិត្តនេះ គឺការជឿទុកចិត្តរបស់យើងដែលមិនផ្លាស់ប្តូរចំពោះ លោកស្រី ស៊ុន ហៀង ស្ថាបនិកសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា ដែលជាអ្នកដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ និងជាកម្លាំងចលករនៅពីក្រោយទិដ្ឋភាពសម្រស់ និងសក់ ដែលកំពុងរីកចម្រើននៅប្រទេសកម្ពុជា។ ចំណង់ចំណូលចិត្ត ការតាំងចិត្ត និងការប្តេជ្ញាចិត្តឥតងាករេដើម្បីឧត្តមភាពរបស់ លោកស្រី ស៊ុន ហៀង  គឺជាឧបករណ៍មួយក្នុងការបង្កើនអ្នកជំនាញផ្នែកសម្រស់ និងសក់ នៅទូទាំងប្រទេសកម្ពុជា។

នាឱកាសនេះដែរ លោកស្រី ស៊ុន ហៀង ស្ថាបនិកសាលាបង្រៀនថែសម្ផស្សគ្រីស្ទីណា បានថ្លែងថា ការសម្រេចចិត្តទទួលរៀបចំមហាព្រឹត្តិការណ៍នេះមិនមែនជារឿងងាយស្រួលទេ ពីព្រោះនេះជាការសម្រេចចិត្តដ៏សំខាន់ និងជាការសម្រេចចិត្តដែលប្រកបទៅដោយភាពក្លាហានយ៉ាងពិតប្រាកដ ពីព្រោះការសម្រេចចិត្តនេះ គឺលោកស្រីចង់បង្ហាញទៅកាន់ពិភពលោក ឱ្យឃើញ និងជឿជាក់ចំពោះសក្តានុពលនៃឧស្សាហកម្មសក់ និងសម្រស់នៅប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមថា ដើម្បីអាចក្លាយទៅជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីនេះ យើងត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើលក្ខខណ្ឌផ្សេងៗ នៅក្នុងចំណោមប្រទេសទាំង ១៨ផ្សេងទៀត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជ្រើសរើសយកប្រទេសតែមួយគត់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី «ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក លើកទី២៨  ឆ្នាំ២០២៤»

ជាមួយគ្នានេះ លោកស្រី ស៊ុន ហៀង បានគូសបញ្ជាក់ថា៖ «ក្រៅពីផ្នែកឡូជីស្ទីក ការរៀបចំកម្មវិធី និងការងារផ្សេងៗទៀត យើងក៏ចង់បង្ហាញថា អ្វីទៅដែលជាភាពលេចធ្លោរល្អឯកមួយទៀត នោះគឺស្មារតី។ ស្មារតីនៃប្រជាជនកម្ពុជា ទឹកចិត្តនៃខ្មែរ ក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ ប្រកបទៅដោយភាពរួសរាយរាក់ទាក់ ការផ្ដល់ឱ្យនូវវប្បធម៌មួយដ៏ល្អប្រសើរ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដែលធ្វើឱ្យបរទេសបានស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើន»

បន្ថែមពីនេះ សហគ្រិនស្ត្រីខ្មែរដែលទទួលពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានឆ្នាំ២០២៤រូបនេះ បានបន្តថា លោកស្រីពិតជាមានសេចក្តីរីករាយក្រៃលែង ចង់បង្ហាញអំពីសេចក្ដីដឹងគុណ ក៏ដូចជាការចូលរួមចំណែក ក្នុងនាមជាម្ចាស់អាជីវកម្ម ក្នុងនាមជាសមាគម ដែលបានចូលរួមចំណែកធ្វើឱ្យវិស័យសក់ និងសម្រស់នៅកម្ពុជាបានរីកចម្រើន ចូលរួមជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ជួយបង្កើនជំនាញដល់យុវជន ជួយបង្កើតការងារធ្វើ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយភាពស្វាហាប់ អង់អាច របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែខិតខំប្រឹងប្រែង យកចិត្តទុកដាក់ទៅលើគ្រប់វិស័យ ដើម្បីឱ្យប្រទេសកម្ពុជា មានការរីកចម្រើន រក្សាស្ថិរភាពសង្គម និងបន្តអភិវឌ្ឍន៍។

សូមជម្រាបថា ព្រឹត្តិការណ៍ ប្រកួតម៉ូតសក់ និងសម្រស់ អាស៊ីប៉ាស៊ីហ្វិក រៀបចំឡើងក្នុងគោលបំណង ជួយឱ្យពិភពលោកស្គាល់ពីសក្តានុពលនៃឧស្សាហកម្មសក់ សម្រស់ និងសម្អាងរបស់កម្ពុជា និងជួយជំរុញ ជ្រោមជ្រែង លើកកម្ពស់ឧស្សាហកម្មនេះឱកាន់តែរីកចម្រើនខ្លាំងក្លា និងទទួលស្គាល់ពីភាពចៃ្នប្រឌិតជាអន្តរជាតិ ជាពិសេសចូលរួមលើកកិត្តិយស និងជាមោទនភាពមួយសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះលើកដំបូងផងដែរ៕