(ភ្នំពេញ)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន​លើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ​យានយន្តដឹកជញ្ជូន​លើសទម្ងន់កម្រិតកំណត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងអនុប្រធានស្ថានីយជញ្ជីង​ទូទាំងប្រទេស។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យលើរបាយការណ៍ និងវឌ្ឍនភាពការងារប្រចាំខែ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា ដែលតែងកើតមានក្នុងពេលអនុវត្តការងាររបស់មន្រ្តីជញ្ជីង និងលើកទិសដៅការងារក្នុងខែបន្ដបន្ទាប់ សំដៅធ្វើឱ្យការគ្រប់គ្រងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់​ ដែលបានបំផ្លាញផ្លូវជាតិ ខូចខាតមុនអាយុកាលកំណត់​ និងជាការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ​ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ​៕