(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២រដ្ឋសភា និងលោកស្រី ហេង ពៅ រួមជាមួយលោកស្រី ហេង សំអាន ប៉ែនកុសល្យ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះធាតុ បានអញ្ជើញកាន់បិណ្ឌវេនទី១០ ប្រកបដោយសទ្ធាជ្រះថ្លា តាមប្រពៃណី និងទំនៀមទម្លាប់សាសនាស្ថិតនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមទំនៀមទំម្លាប់ពិធីបុណ្យកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ផ្តើមនៅ ថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅកាន់លោកខាងមុខ។

លោក និងលោកស្រី បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតចេញពីពិធីកាន់បិណ្ឌទី១០នេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធទាំងអស់ បានកើតក្នុងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។  

ក្នុងពិធីកាន់បិណ្ឌទី១០នេះដែរ លោក វង សូត និងលោកស្រី បាននាំយកបច្ច័យទេយ្យទាន ទេយ្យវត្ថុ សម្រាប់ប្រគេនព្រះសង្ឃ រួមមាន៖ លោកគ្រូចៅអធិការវត្ត១អង្គ សាដក១ បច្ច័យ២០ម៉ឺនរៀល ព្រះសង្ឃធ្វើកិច្ច ៧ អង្គ ក្នុង១អង្គ សាដក១ បច្ច័យ៥ម៉ឺន រៀល អង្ករ១០បាវ ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០កេស ត្រីខ២កេសធំ មីម៉ាម៉ា២កេសធំ លោកតាគណ:កម្មការវត្ត១០នាក់ ក្នុង១ម្នាក់ ថវិកា២ម៉ឺនរៀល យាយជី-តាជី ៥០នាក់ ថវិកា ក្នុង១ម្មាក់ៗ ១ម៉ឺន រៀល និងបច្ច័យចូលបុណ្យសម្រាប់កសាងវត្ត ៥លានរៀលផងដែរ។

បន្ទាប់ពីកាន់បិណ្ឌរួចមក លោក វង សូត និងលោកស្រី ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដែលសម្រេចបាន ប្រមាណជា ៩០% និងត្រៀមដាក់សម្ពោធឱ្យ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា មិទ្ធផលនៅក្នុងវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនឹងសប្បុរសជនជាច្រើនទៀត ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាង ធនធានមនុស្សសម្រាប់កូនចៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕