(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារជូន លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ថ្លែងអំណរគុណចំពោះការរៀបចំដ៏ល្អវិសេសនិងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតជូនដល់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈសារលិខិត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងយ៉ាងដូច្នេះថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ព្រមទាំងមន្ត្រីលេខាធិការដ្ឋាននៃសភា តំណាងប្រជាជនចិន ចំពោះការរៀបចំដ៏ល្អវិសេសនិងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ជូនដល់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២៤ នាពេលថ្មីៗកន្លងទៅនេះ»

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ដថា ដំណើរទស្សនកិច្ចនេះពិតជាបានបង្កប់នូវអត្ថន័យ និងខ្លឹមសារជាប្រវត្តិសាស្ត្រ។ យើងទាំងអស់ពិតជាមានមនោសញ្ចេតនារីករាយ និងមិនអាចបំភ្លេចបានចំពោះដំណើរទស្សនកិច្ច និងការស្នាក់នៅក្នុងរដ្ឋធានីប៉េកាំងដ៏ស្រស់ស្អាត និងទីក្រុងសៀងហៃដ៏ទំនើបទាន់សម័យ។

គណៈប្រតិភូរដ្ឋសភាកម្ពុជា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលមានឱកាសបាន ជួបសម្តែងការគួរសមជាមួយ លោក វ៉ាង ហ៊ូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជន ចិន (CPPCC)។

ជាថ្មីម្ដងទៀត សម្តេចរដ្ឋសភាធិបតី សូមវាយតម្លៃខ្ពស់ចំពោះជំនួបទ្វេភាគីប្រកបដោយលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ជាពិសេសការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងអនុស្សរណៈ នៃការយោគយល់ (MoU) រវាងអគ្គលេខាធិការដ្ឋាន/លេខាធិការដ្ឋាននៃសភាទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ ទំនាក់ទំនងជាប្រពៃណីដែលមានស្រាប់ ពង្រឹងនិងពង្រីកនូវចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖