(អាមេរិក)៖ បន្ទាប់ពីការបង្ហាញរូបភាព ដែលថតដោយកែវយឺតអវកាស Hubble កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអវកាស NASA បានបង្ហាញចេញនូវគំរោងការណ៍របស់ខ្លួនកាន់តែច្បាស់ ក្នុងការបញ្ចូនយាន មុជទឹក ដើម្បីចុះទៅក្រោមស្រទាប់ទឹកកក ដ៏ក្រាស់របស់ព្រះច័ន្ទ យូរ៉ូប៉ា (Europa) នៃភពព្រហស្បតិ៍ ដែលគេសង្ស័យថា នឹងអាចលាក់ជីវិតក្នុងទម្រង់ណាមួយជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយ ដោយវែបសាយវិទ្យាសាស្ត្រ Science នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៦។
តាមការអះអាងរបស់ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA សមុទ្រក្រោមទឹកកករបស់ យូរ៉ូប៉ា ក៏ជាសមុទ្រ ទឹកប្រៃដូចនៅលើផែនដីនេះដែរ ហើយវាប្រាកដណាស់ ថាជីវិតនឹងអាចកើតមាននៅ ក្នុងបាតសមុទ្រ នោះ ព្រោះបើតាមការសិក្សាកន្លងមក របស់ក្រុមអ្នកវិទ្យាសាស្ត្រ ស្តីអំពីការកកើតជីវិតដំបូង នៅលើ ភពផែនដីនេះ ជីវិតដំបូងក៏បានកើតមាននៅក្នុងបាតសមុទ្រផងដែរ។ ប្រភពខាងលើនេះបានអះអាងថា «អង្គការ NASA កំពុងតែកសាងយានមុជទឹក ដើម្បីមុជចូលទៅក្នុងបាតសមុទ្ររបស់ យូរ៉ូប៉ា»។
កាលពីចុងខែកញ្ញា អ្នកវិទ្យាសាស្ត្រ NASA បានប្រើប្រាស់កែវយឺត Hubble ដើម្បីចាប់យករូបភាព នៅតំបន់ប៉ូលខាងត្បូងរបស់ យូរ៉ូប៉ា រួចក៏បានឃើញវត្ថុធាតុដូចបំភាយទឹកព្រួសចេញពីស្រទាប់ទឹកកក ឡើងមកលើអាកាសតែម្តង។ សម្រាប់បរិមាណទឹកដែលមាននៅលើផ្ទៃព្រះច័ន្ទ យូរ៉ូប៉ា ត្រូវបាន អ្នកវិទ្យាសាស្ត្រអះអាងថា មានច្រើនជាង នៅលើភពផែនដីយើង ពីពីរទីបីដងឯណោះហើយនៅក្រោម ស្រទាប់ទឹកកកនោះ ១០គីឡូម៉ែត្រគឺជាទឹករាវ ដែលអាចទៅរួចដែរថា មានផ្ទុកជីវិតក្នុងទម្រង់ណាមួយ។
គួរបញ្ជាក់ថា វាជាដំណឹងល្អបំផុតមួយសម្រាប់ NASA ដែលខ្លួនអាចនឹងបញ្ជូនយានទៅកាន់តំបន់ដែល មានទឹកផុសនោះ ហើយធ្វើការប្រមូលយកវា មកធ្វើការពិសោធន៍ ដោយមិនចាំបាច់ធ្វើការជីកទៅ ក្រោមស្រទាប់ទឹកកករបស់ យូរ៉ូប៉ា ឡើយ។ សម្រាប់ចលនាដូចទឹកផុសនេះ គឺបានជះឡើងលើកម្ពស់ ១២៥ម៉ែត្រ ទើបធ្លាក់មកលើស្រទាប់ព្រះច័ន្ទវិញ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថាតើបេសកកម្មនឹងចាប់ ផ្តើមនៅពេលណា ហើយថាតើមូលហេតុអ្វី ទើបមានទឹករាវផុសចេញមកបែបនេះនៅឡើយដែរ៕