(ភ្នំពេញ)៖ តបតាមការយាងរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ស្រី ណូវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយ នៃបញ្ហាប្រឈមនានា ដូចជា ការបង្កើតការងារសម្រាប់យុវជន ក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយ ភាសាបារាំង ឬហៅកាត់ថា OIF៖
អង្គការ OIF ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះនរោត្តមសីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ ) និង។ អង្គការ OIF មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ ៤ ព្រមទាំងសមាជិកជារដ្ឋអង្កេតការណ៍ ២៦ប្រទេស។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋអង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី។
អង្គការ OIF មានបេសកកម្មចម្បងៗដូចជា៖
* លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។
* លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
* គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ
* កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំងត្រូវបានវាយតម្លៃថាមានប្រមាណ ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥។ ចំណែក ប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវធ្វើឡើង ជារៀងរាល់២ឆ្នាំម្ដង៕