(កណ្ដាល)៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ ស៊ើបអង្កេតតាមចាប់ឧក្រិដ្ឋជនផលិត កែច្នៃ ជួញដូរ ដឹកជញ្ជូន និងសមគំនិត ករណីគ្រឿងញៀនជាច្រើនគីឡូក្រាម នៅគោលដៅចំនួន៤នៃខេត្តចំនួន២ គឺខេត្តកណ្ដាល និងខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឱ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះថា អនុវត្តន៍តាមដីការបស់តុលាការ និងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយទោឈឿន សុចិត្ត ស្នងការខេត្ត កម្លាំងជំនាញបានធ្វើការតាមដានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានជនជាតិវៀតណាមរត់ពន្ធគ្រឿងញៀនបាន៤នាក់ កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០ និង៥០នាទី នៅចំណុចខាងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់សំពៅពូន ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បន្ទាប់ពីសាកសួរ គេបានសារភាពថា គ្រឿងញៀននេះត្រូវពួកគេបាននាំចេញពីខេត្តព្រះសីហនុ។
ទាក់ទិននឹងការស្រាវរកទីតាំងផលិតគ្រឿងញៀន នៅឯខេត្តព្រះសីហនុ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងសម្របសម្រួលនីតិវិធីពីលោកស្រី វ៉ា សក្ដា ព្រះរាជអាជ្ញាស្ដីទី នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ឱ្យលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញខេត្ត និងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន សហការជាមួយកម្លាំងការិយាល័យជំនាញខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បាននាំជនសង្ស័យ ដើម្បីយកទៅចង្អុលបង្ហាញកន្លែងផលិតនិងកែច្នៃសារធាតុញៀនចំនួន០៤គោលដៅបន្ថែមទៀត។
*គោលដៅទី១៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០ និង៥០នាទី នៅចំណុចចំការចេកផ្លូវលំចូលកំពង់ចម្លងកប៉ាល់គឿង-ចុងខ្សាច់ ស្ថិតក្នុងភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
*គោលដៅទី២៖ បង្ក្រាបកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចផ្ទះជួលស្នាក់នៅរបស់មេក្លោងគ្រឿងញៀនឈ្មោះ ជូ ធី ថាន់ ធុយ (CHU THI THANH THUY) ហៅទី (TY) ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
*គោលដៅទី៣៖ បង្ក្រាបកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០ និង៣០នាទី នៅចំណុចផ្ទះជួលផលិតកែច្នៃគ្រឿងញៀនរបស់មេក្លោងគ្រឿងញៀនឈ្មោះ ជូ ធី ថាន់ ធុយ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
*គោលដៅទី៤៖ បង្ក្រាបកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចខុនដូរSCC ជាន់ទី៨ បន្ទប់លេខ៨១២ ជាន់ទី១៨ បន្ទប់លេខ១៨០៤ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជួលសម្រាប់ស្តុកផលិតកែច្នែគ្រឿងញៀនសម្រេចចុងក្រោយ របស់មេក្លោងគ្រឿងញៀនឈ្មោះ ជូ ធី ថាន់ ធុយ។
លោកបានបន្ថែមថា ជនសង្ស័យសរុប ១០នាក់ ស្រី០៣ ជនជាតិខ្មែរ០២នាក់ ស្រី០១ និងវៀតណាម០៧នាក់ ស្រី០២ (ឃាត់០៧នាក់ស្រី០១ និងគេចខ្លួន០៣នាក់ ស្រី០២ វៀតណាម)។
សម្ភារៈវត្ថុតាងចាប់យករួមមាន៖ ១. (Ketamine) ទម្ងន់ ជាង០៦គីឡូ, ២. (MDMA) ទម្ងន់ជាង៦៩គីឡូ, ៣. មេតំហ្វេតាមីន ទម្ងន់ ៣៦៤.៩៨ក្រាម, ៤. សារធាតុផ្សំសម្រាប់ផលិតថ្នាំសប្បាយ ទម្ងន់ជាង៧៦គីឡូ, ៥. សំបកដបសម្រាប់ដាក់ទឹកថ្នាំសប្បាយ ទម្ងន់ ២១គីឡូ, ៦. សំបកថង់ប្លាស្ទិកច្រកគ្រឿងញៀន ទម្ងន់ ៥១គីឡូ, ៧. ជញ្ជីង ០៦គ្រឿង,
៨. ឧបករណ៍សម្ភារៈ ផលិតកែច្នៃ វេចខ្ចប់ចែកចាយ និងប្រើប្រាស់មួយចំនួន, ៩. ទូរស័ព្ទ ០៦គ្រឿង, ១០. ម៉ូតូ ០១គ្រឿង
១១. រថយន្ដ ០៣គ្រឿង៕