(ភ្នំពេញ)៖ កម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ក្នុងនោះមានរថយន្តចំនួន១៧៩គ្រឿង។
បំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» នេះ គឺជាកិត្តិនាមដ៏អស្ចារ្យថែមទៀតសម្រាប់មុខមាត់ប្រទេសកម្ពុជា។
សូមរំលឹកថា គណៈកម្មាការ Guinnes World Record បានមករាប់ចំនួនរថយន្តទំនើប នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីរាប់នោះ លទ្ធផលមិនទាន់សម្រេចភ្លាមៗនៅឡើយនោះទេ ទើបតែថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ និងដៃគូរៀបចំនួនព្រឹត្តិការណ៍ Gumball 3000 បានផ្សព្វផ្សាយពីលមទ្ធិផល នៃការបំបែកកំណត់ត្រាមួយនេះ។
សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបរយៈពេល ២៥ឆ្នាំ នៃការបង្កើតឡើងព្រឹត្តិការណ៍ Gumball 3000 ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនជីបម៉ុង ដោយមានកិច្ចសហការពីក្រសួងទេសចរណ៍ផងនោះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានសម្រេចធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា។ ស្របជាមួយគ្នានោះ ក៏មានការរៀបចំព្រឹត្តិការណ៍បង្ហាញរថយន្តនៅមុខប្រាសាទអង្គរ ដើម្បីបំបែកកំណត់ត្រាពិភពលោកតែម្តង៕