(ប៉ារីស)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង AIMF បានអញ្ជើញចូលរួម «សន្និសីទអន្តរជាតិ ស្ដីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង» ថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រព កុងកដ (théâtre de la Concorde)។

បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះថា «ក្នុងសន្និសីទអន្តរជាតិ ស្តីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង AIMF កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នោះដែរ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុងនានា ដែលជាសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF លើប្រធានបទ «តើធ្វើដូចម្ដេច ដើម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម»

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ តបតាមការអញ្ជើញរបស់លោកស្រី អាន អ៉ីដាលហ្គោ Ann HIDALGO កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង និងសហការី បានអញ្ជើញទស្សនាការរៀបចំផ្លូវរថភ្លើង Tramway នៅស្ថានីយ Porte de Clichy ដែលសាលាក្រុងប៉ារីស បានធ្វើឡើងសម្រាប់ទទួលគណៈប្រតិភូ កីឡាអូឡាំពិក នាពេលថ្មីៗនេះ។

ក្នុងពេលនោះដែរ លោកអភិបាលរាជធានី និងសហការី បានឡើងជិះរថភ្លើង Tramway នេះសាកល្បងពីស្ថានីយ Porte de Clichy ទៅដល់ស្ថានីយចុងបញ្ចប់ Porte Dauphine អមដោយការពន្យល់ អំពីលក្ខណៈបច្ចេកទេស និងតម្រូវការនៃគម្រោងផ្លូវរថភ្លើងនេះ ពីអ្នកជំនាញការបារាំងផងដែរ៕