(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការធ្វើមិនឱ្យថ្លៃអគ្គិសនីកើនឡើង និងបញ្ចុះតម្លៃបន្ថែម គឺជាគោលនយោបាយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្ដិទី៧នេះ ក្នុងគោលបំណង ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក កែវ រតនៈ អញ្ជើញបាឋកថា ស្ដីពី «គោលនយោបាយថាមពលកម្ពុជា» នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា-ជប៉ុន (CJCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។

រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ការខិតខំមិនធ្វើឲ្យថ្លៃថាមពលអគ្គិសនីឡើងនេះ គឺជាគោលនយោបាយសំខាន់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាការកាត់បន្ថយ ការចំណាយរបស់ប្រជាពលរដ្ឋ ហើយនឹងជួយសម្រួលផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្ម, កសិកម្ម»

រដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងទៀតថា ការដែលធ្វើ​មិនឲ្យថ្លៃថាមពលអគ្គិសនី មានការកើនឡើងនេះ អាចធ្វើបានតាមរយៈរូបភាពពីរ៖ រូបភាពទី១ គឺកុំដំឡើងថ្លៃ ដោយលោកបានប្រាប់ថា តាំងពីសម្ដេចបវរធិបតីជាប់ឆ្នោតមក គឺមិនមានកន្លែងណាមួយ មានការឡើងថ្លៃអគ្គិសនីនោះទេ។

ទន្ទឹមគ្នានេះ រដ្ឋមន្ដ្រី កែវ រតនៈ ក៏បានលើកឡើងផងដែរថា នៅក្នុងស្ថានភាពក្រោយសង្គ្រាមអ៊ុយក្រែន និងកូវីដ-១៩ ថាមពលទូទាំងពិភពលោក មានការកើនឡើងមិនថា អាមេរិក, ថៃ, វៀតណាម, សិង្ហបុរី មានការឡើងថ្លៃជាបន្ដបន្ទាប់គ្រាន់តែតិច ឬច្រើន។ សម្រាប់កិច្ចការដែលកម្ពុជាធ្វើបា​ន គឺខិតខំបញ្ចេញលុយរបស់រដ្ឋ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីទប់ថ្លៃកុំឲ្យឡើង។

រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា «បើកន្លែងណាកើនឡើងថ្លៃ ក្រោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឡើងកាន់រដ្ឋាភិបាល សូមប្រាប់ខ្ញុំផង ព្រោះវាអត់មាន»

បើតាមលោក កែវ រតនៈ, យុទ្ធសាស្ដ្ររបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្ដិទី៧នេះ គឺបន្ដធ្វើយ៉ាងម្ដេច ឲ្យប្រភពថាមពលរបស់កម្ពុជាកុំឲ្យខ្វះ។

លោក កែវ រតនៈ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលអាណិត្ដនេះ នឹងបន្ដការរុញផ្គត់ផ្គង់បន្ថែម និងអភិវឌ្ឍន៍បន្ថែម ជាពិសេសផ្ដោតទៅលើថាមពលស្អាត ដូច្នេះបានជាការវិនិយោគជាបន្ដបន្ទាប់នេះ មិនមានការដាក់ពង្រាយ រោងចក្រម៉ាស៊ីនម៉ាស៊ូត ឬម៉ាស៊ីនដើរដោយប្រេងខ្មៅទៀតទេ ដោយធ្វើនៅក្នុងក្របខណ្ឌថាមពលស្អាត៕