(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅ លើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍​អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់​ទំនាក់ទំនង​ជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់​ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុង​កើត មានប្រកបដោយប្រសិទ្ធភាព។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេចមហាបវរធិបតី នឹងអញ្ជើញចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំ​អា​ស៊ានជា​មួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោក​មួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕