(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤ ដែលផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ១) គោលជំហរបស់អាស៊ាននៅក្នុងភូមិសាស្ត្រនយោបាយសាកល, ២) ការលើកកម្ពស់តំណភ្ជាប់សេដ្ឋកិច្ចនិងភាពធន់នឹងវិបត្តិ, ៣) តួនាទីរបស់អាស៊ានក្នុងសេដ្ឋកិច្ចសាកល និង ៤) ទិដ្ឋភាពអនាគតអាស៊ាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កិច្ចប្រជុំកំពូលធុរកិច្ច និងវនិយោគអាស៊ាននេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដៃគូអាស៊ាន និងធុរជនមកពីអាស៊ាន និងទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួម ពិធីជប់លៀងពានរង្វាន់ ធុរកិច្ចអាស៊ានឆ្នាំ២០២៤ ដែលធ្វើឡើងដើម្បីទទួលស្គាល់ និងប្រគល់ពានរង្វាន់ ដល់ក្រុមហ៊ុនមកពីប្រទេសអាស៊ានទាំងដប់ ដែលបានរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចនិងការអភិវឌ្ឍអាស៊ាន។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធីធុរកិច្ចផ្សេងទៀតរួមមាន៖ វេធិកាឡូជីស្ទិកអាស៊ាន និង ជំនួបពិភាក្សាធុរកិច្ចជាមួយភាគីពាក់ព័ន្ធផ្សេងទៀត។
ដោយឡែក អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជារួមនិង សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងអញ្ជើញចូលរួម ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាននិងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។
ក្នុងឱកាសនៃជំនួបនេះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន នឹងដាក់ជូនរាយការណ៍អនុសាសន៍របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជូនថ្នាក់ដឹកនាំអាស៊ានពិនិត្យ និងផ្តល់ជាដំណោះស្រាយចំពោះសំណូមពរនានារបស់វិស័យឯកជន។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងជួបពិភាក្សាការងារជាមួយ លោក ឡត វ៉ាយហ៊្សេ (Lord Vaizey) ប្រធានក្រុមប្រឹក្សាធុរកិច្ច ចក្រភពអង់គ្លេស-អាស៊ាន ដែលផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកចិ្ចអាស៊ានសម្រាប់កម្ពុជា និង
ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ក្នុងការជំរុញទំនាក់ធុរកិច្ចនិងវិនិយោគរវាង ចក្រភពអង់គ្លេស និងកម្ពុជា៕