(កំពង់ស្ពឺ)៖ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ វិស័យពុទ្ធចក្រ និងអាណាចក្រ ដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការងារចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពេញការងារក្នុងវិស័យការងារសាសនានាពេលកន្លងទៅ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានជូនទេយ្យទានដល់ មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមទាំង៩ក្រុង ស្រុក ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនេះ ព្រះរតនសោភ័ណ ម៉ន បឿន មានថេរដីកាថា គោរពតាមសង្ឃដីការបស់ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដទី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញដល់មន្រ្តីសង្ឃ សហការជាមួយនិងមន្រ្តីធម្មការ និងសាសនា ឱ្យបានល្អប្រសើរ។ បន្ថែមពីនេះ ក៏ជាការជំរុញ និងលើកទឹកចិត្តដល់មន្រ្តីដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបំរើនៅក្នុងវិស័យសាសនា នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺនាពេលកន្លងមកនេះផងដែរ។

ក្រៅពីការគិតគួរដល់សុខទុក្ខមន្រ្តី ធម្មការ និងសាសនាស្រុកនានា ព្រះរតនសោភ័ណ ម៉ន បឿន ជាព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានឆ្លៀតពេលនិមន្តផ្ដល់នូវគន្លឹះសិក្សាតាមបែបព្រះពុទ្ធសាសនា និងការអប់រំចិត្តដល់សិស្សានុសិស្សដើម្បីប្រតិបត្តិក្នុងការសិក្សាប្រកបដោយប្រសិទ្ធផល និងយកមេរៀនទាំងនេះប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដើម្បីទទួលបានសេចក្ដីសុខ សេចក្ដីចម្រើនដល់ខ្លួន គ្រួសារ និងសហគមន៍ដែលខ្លួនកំពុងរស់នៅ ជាពិសេសគន្លឹះធ្វើយ៉ាងណាឱ្យរៀនសូត្រឆាប់ចេះ ឆាប់ដឹង ឆាប់យល់ ចងចាំបានយូរ ព្រមទាំងបកស្រាយចម្ងល់របស់សិស្សានុសិស្សថែមទៀត៕