(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះ សំណាលជាមួយក្មួយៗសិស្សានុសិស្សក្រីក្រ ចំនួន១៥នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ត្បែង និងវិទ្យាល័យទួលក្បិល ដែលនឹងត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ នាពេលខាងមុខ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៤ នៅស្នាក់ការបក្សស្រុកកំពង់ស្វាយ។
លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ និងបានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់ បងប្អូនប្រជាពលរដ្ឋជួបការលំបាក ។
លោកស្រីបន្តថា ក្មួយៗជំនាន់នេះពិតជាមានសំណាងណាស់ដែលមានឱកាសអង្គុយរៀន ក្រោមម្លប់សន្តិភាព មានគ្រូបង្រៀនល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រសមរម្យគ្រប់គ្រាន់ មានប្រព័ន្ធអីនធឺរណែត សម្រាប់សិក្សាស្រាវជ្រាវ និងមានអ្នកអ្នកជួយគាំទ្រសព្វបែបយ៉ាង ដូចនេះក្មួយៗត្រូវក្តាប់ឱកាសឱ្យជាប់ហើយប្រែក្លាយសម្រាប់ខ្លួនឯង និងសង្គមជាតិ។
លោកស្រីបានបង្ហាញការជឿជាក់ថាសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងស្រុកកំពង់ស្វាយនឹងប្រលងបានជាប់ ទាំងអស់គ្នាពីព្រោះមានលោកគ្រូ អ្នកគ្រូ បានខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យក្មួយៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់ស្រុកលោកគ្រូ អ្នកគ្រូ សាលារៀន និងគ្រួសារ។
លោកបន្ថែមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ការប្រឡងនឹងមកដល់ហើយ ក្មួយៗនឹងបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ដូចនេះក្មួយៗត្រូវខិតខំរៀនសូត្រនូវថ្នាក់ឧត្តមបន្តទៀត ដើម្បីបង្កើនចំណេះដឹង និងជំនាញឆ្លើយតបបានទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ទីផ្សាការងារនៅកម្ពុជាក្នុងតំបន់ និងសកលលោក ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន អ្វីដែលសំខាន់នោះគឺក្មួយៗត្រូវខិតខំកសាងខ្លួនឯងឱ្យបានល្អ ជាប្រជាពលរដ្ឋល្អ សិស្សល្អ មិត្តល្អ ជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគត និងចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងថែរក្សាសុខភាពឲ្យបានល្អ ។
ជាមួយគ្នានេះ តំណាងអាណាព្យាបាលសិស្សទាំងអស់បានថ្លែងអំណរគុណដល់លោកស្រី ឃួន ឃុនឌី និងថ្នាក់ដឹកនាំស្រុកកំពង់ស្វាយ ដែលបានយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា សូមជូនពរលោកស្រី និងក្រុមការងារមានសុខភាពល្អ បន្តដឹកនាំស្រុកឲ្យមានកររីកចម្រើនថែមទៀត។
ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗទាំង១៥នាក់ លោកស្រី ឃួន ឃុនឌី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗ ចំនួន២០០.០០០ រៀល មាតាបិតារបស់សិស្សទាំង១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០.០០០រៀល និងក្រមាចំនួន១ លោកនាយកសាលា ចំនួន ២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០.០០០រៀល៕