(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងឲ្យផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មមួយចំនួន នៅជុំវិញមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
ដើម្បីចូលរួមចំណែកឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ ខាងលើប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង៣២មណ្ឌលក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖
*ទី១៖ ផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤
*ទី២៖ ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤
*ទី៣៖ ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការប្រឡងរបស់បេក្ខជនហាមបង្កសំឡេងរំខាន ឬសកម្មភាពនានា
*ទី៤៖ សម្រាប់ការផ្ញើទោចក្រយាន ទោចក្រយានយន្ត (កង់-ម៉ូតូ) នៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ៕