(ភ្នំពេញ)៖ នៅក្នុងឱកាសនៃការអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទិវាគ្រូបង្រៀនត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស។ លើសពីនេះទិវាគ្រូបង្រៀននេះក៏សំដៅទៅដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនៅទូទាំងប្រទេសផងដែរ។
ទន្ទឹមនេះ លោក កត្តា អ៊ន ក៏បានរំលេចផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ឯកឧត្តម ហេង សួរ ជារដ្ឋមន្ត្រី សូមថ្លែងការអរគុណដល់គ្រូបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេសដែលបាននិងកំពុងចូលរួមក្នុងបេសកកម្មនៃការកសាងធនធានមនុស្សនៅប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវប្រៀបដូចជាមាតា បិតាទី២ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន សិស្សានុសិស្សទាំងអស់ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាងនាពេលអនាគត។ ជាពិសេសបន្តអប់រំយុវជនដែលកំពុងសិក្សាជំនាញឱ្យយល់នូវអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់យុវជនសិក្សាជំនាញត្រូវ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។
សម្រាប់ លោករដ្ឋលេខាធិការ នៅក្នុងឱកាសអបអរសាទរទិវាគ្របង្រៀននៅពេលនេះ សូមអំពាវនាវ និងលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងអស់បន្តយកចិត្តទុកដាក់បណ្តុះបណ្តាលយុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសនៅទូទាំងប្រទេស លើជំនាញទន់ផងដែរ ដែលជាជំនាញផ្តោតសំខាន់លើការអប់រំអាកប្បកិរិយា សីលធម៌ វិន័យ ធ្វើយ៉ាងណាឲ្យយុវជនក្លាយជាទំពាំងល្អនៅក្នុងសង្គម ជាមួយនិងជំនាញច្បាស់លាស់ នៅពេលពួកគេបញ្ចប់ការសិក្សា។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា គ្រូបង្រៀនគឺជាភ្នាក់ងារដ៏សំខាន់ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ក្នុងន័យនេះ លោករដ្ឋលេខាធិការសូមលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញ បេសកកម្មក្នុងនាមជាអ្នកបណ្តុះបណ្តាល ត្រូវបន្តប្រឹងប្រែងផ្តល់ចំណេះដឹងដល់សិស្ស បន្តការស្រាវជ្រាវអភិវឌ្ឍចំណេះជំនាញរបស់ខ្លួន ដើម្បីផ្ទេរចំណេះដឹងទាំងនោះដល់សិស្សឱ្យមានសមត្ថភាពដ៏ល្អប្រសើ ដើម្បីបំពេញការងារ និងចូលរួមក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល។
សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បើនិយាយពីការអប់រំ មិនសំដៅត្រឹមតែការអប់រំលើចំណេះដឹងទូទៅតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក្តោបរួមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ កំពុងតែអនុវត្តផងដែរ។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះគឺមានសារសំខាន់ណាស់ក្នុងការបណ្តុះយុវជនឱ្យមានជំនាញមួយច្បាស់លាស់ ចំណាយរយៈពេលតិច និងងាយស្រួលក្នុងការរកការងារធ្វើ ជាពិសេសនោះគឺការបង្កើតកម្លាំងជំនាញនៅប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីស្របទាញអ្នកវិនិយោគិនផ្នែកឧស្សាហកម្មធំៗឱ្យមករកសុីនៅកម្ពុជា ផងដែរ។
លោកបណ្ឌិតបានលើកឡើងថាទិវាគ្រូបង្រៀនគឺមានសារសំខាន់ណាស់នៅប្រទេសកម្ពុជា ពីព្រោះទិវារគ្រូបង្រៀនប្រារព្ធធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យអប់រំ និងបណ្តុះបណ្តាលនៅប្រទេសកម្ពុជា ដែលជាប្រទេសកំពុងត្រូវការចាំបាច់នៅក្នុងការពង្រឹង និងពង្រីកវិស័យអប់រំ។
លោកបណ្ឌិតថា៖ «យើងចាំបាច់ធ្វើឱ្យបានផុសផុល ធ្វើឱ្យទូលំទូលាយ ដើម្បីលើកកម្ពស់ដល់វិស័យអប់រំ ជាពិសេសលើកទឹកចិត្តទៅដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការអប់រំយុវជន សិស្សានុសិស្ស បង្កើតធនធានមនុស្សនៅប្រទេសកម្ពុជា ដែលជាកត្តាលីករយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ពីព្រោះយុវជន ជាទំពាំងស្នងឬស្សី ដូច្នេះកាលណាយុវជនមានសមត្ថភាព មានការអប់រំល្អ ប្រជាជាតិនោះនឹងមានការអភិវឌ្ឍលឿនរហ័ស»៕