(ភ្នំពេញ)៖ រយៈពេល០៦ថ្ងៃ ពោលចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ប្រជាពលរដ្ឋសរុបចំនួន ៧១,៣៦០នាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ប្រកបដោយផាសុកភាព សុវត្ថិភាព និងរីករាយ ដែលជាការផ្ដល់ជូនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់សេវាដឹកជញ្ជូន ដោយមិនគិតថ្លៃ ជួយសម្រាលបន្ទុកចំណាយលើការធ្វើដំណើរបានយ៉ាងច្រើន។
សូមជម្រាបថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន សម្រេច បញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។
ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។
ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់៕