(បរទេស)៖ បន្ទាប់ពីលោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានបើកការស៊ើបអង្កេតលើកម្មវិធី Telegram ក្រោមបទចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងការជំរិតទារប្រាក់, ល្បែងស៊ីសង, ការបែកធ្លាយក្រដាសប្រឡង និងការឆបោក។ ប៉ុន្តែថ្មីៗនេះ បានបន្ថែមការចោទប្រកាន់ និងការស៊ើបអង្កេត បន្ទាប់ពីរកឃើញករណីរំលោភបំពានដ៏ធ្ងន់ធ្ងរ។
តើរដ្ឋាភិបាលឥណ្ឌាអាចនឹងសម្រេចបិទកម្មវិធី Telegram ដែរឬទេ បើសិនជាលទ្ធផលនៃការស៊ើបអង្កេតរកឃើញ ដូចការចោទប្រកាន់ពិតមែននោះ?
លទ្ធផលនៃការស៊ើបអង្កេតនៅមិនទាន់ត្រូវបានប្រកាសបង្ហាញនោះទេ ប៉ុន្តែបើយោងតាមសារព័ត៌មានក្នុងស្រុកឥណ្ឌាជាច្រើនបានចេញផ្សាយថា អាជ្ញាធរឥណ្ឌាបានបន្ថែមការចោទប្រកាន់ និងករណីស៊ើបអង្កេតថ្មីមួយចំនួនទៀត ក្នុងនោះមានពីរករណីធ្ងន់ធ្ងរគឺ «ឧបាយកលតម្លៃភាគហ៊ុន និងជំរិតទារប្រាក់» ហើយបើសិនជារកឃើញការពិតដូចការចោទប្រកាន់មែននោះ Telegram ដែលមានអ្នកប្រើប្រាស់នៅក្នុង ប្រទេសឥណ្ឌាប្រមាណ ១០៤លាននាក់ អាចនឹងប្រឈមមុខនឹងការហាមឃាត់ ឬបិទ។
ក្រុមប្រឹក្សាមូលបត្រនៃប្រទេសឥណ្ឌា (Sebi) បានរកឃើញគ្រោងការណ៍មួយដើម្បីគ្រប់គ្រងតម្លៃភាគហ៊ុនដែលដំណើរការតាមរយៈកម្មវិធី Telegram ដោយមានតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតដែកមួយ បានជាប់ពាក់ព័ន្ធក្នុងគម្រោងនេះ ហើយម្ចាស់នៃ Telegram Group ដែលបានចូលរួមក្នុងគម្រោងទទួលបានប្រាក់មក្រៃជើងសារ ២លានរូពីឥណ្ឌា (ប្រហែល ២៤០០០ដុល្លារអាមេរិក)។ មានករណីឆបោកមួយទៀត ដោយបុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបន្លំខ្លួនជាមន្ត្រីប៉ូលិស និងបានប្រើកម្មវិធី Telegram ដើម្បីធ្វើការសួរចម្លើយក្លែងក្លាយ រហូតបោកគ្រូពេទ្យម្នាក់បានប្រាក់ជាង ៤៥០០០ដុល្លារអាមេរិក។
ដោយសារតែឥណ្ឌាជាប្រទេសមួយដែលមានអ្នកប្រើប្រាស់ Telegram ច្រើនជាងគេ ហើយក៏ជាប្រទេសដែលប្រើ Telegram ក្នុងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងផ្នែកសិក្សា រហូតនាំឱ្យមានការបែកធ្លាយវិញ្ញាសារប្រឡងក្នុងទ្រង់ទ្រាយធំ ដែលជំរុញឱ្យមានការស៊ើបអង្កេតលើកម្មវិធី Telegram។
មន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គភាពឧក្រិដ្ឋកម្មតាមអ៉ិនធឺណិតរបស់ឥណ្ឌា និងជាអ្នកដែលបានចូលរួមនៅក្នុងការស៊ើបអង្កេតលើកម្មវិធី Telegram បានបង្ហើបឱ្យដឹងថា ការស៊ើបអង្កេតបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលរីកចម្រើនច្រើន។ លោកបានបញ្ជាក់ថា «ការបោកប្រាស់ដ៏ខ្លាំងបំផុតមួយនៅលើ Telegram គឺការក្លែងបន្លំការវិនិយោគ»។
ក្រុមបោកប្រាស់បានបញ្ចូលសមាជិកថ្មីៗចូលទៅក្នុង Telegram Group និងបានស្នើឱ្យជនស្លូតត្រង់ទាំងនោះដាក់ប្រាក់វិនិយោគទៅ លើភាគហ៊ុននៅលើ App ក្លែងក្លាយ ដែលមើលទៅដូចជាកម្មវិធីពិត និងស្របច្បាប់។ ការបោកប្រាស់នេះគឺជាកន្លែងដែលមនុស្សភាគច្រើន បាត់បង់ប្រាក់របស់ពួកគេនៅលើ Telegram ។
មន្ត្រីរូបនេះបានពន្យល់បន្ថែមអំពីសកម្មភាពខុសច្បាប់ផ្សេងទៀត ដោយរួមមានការអាចទិញស៊ីមកាតក្លែងក្លាយ ដោយតម្រូវឱ្យបញ្ចូលព័ត៌មាន ព័ត៌មានលម្អិតរបស់គណនីធនាគារ ដែលវាជាការក្លែងបន្លំដើម្បីទទួលបានព័ត៌មានគណនីធនាគារ បន្ទាប់មកពួកគេបានប្រើព័ត៌មាននោះដើម្បីលួចប្រាក់។
ការស៊ើបអង្កេតអាចនឹងបន្លាយពេលយូរ ព្រោះបើតាមការបញ្ជាក់ពីមន្ត្រីខាងលើបានឱ្យដឹងថា ក្រុមហ៊ុន Telegram បានចូលរួមសហការ ជាមូយនឹងអាជ្ញាធរត្រឹមតែ ២០% ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យអាជ្ញាធរពិបាកក្នុងការកំណត់មុខសញ្ញានៃក្រុមឆបោក។
លោក Rakesh Maheshwari អតីតមន្ត្រីគ្រប់គ្រងផ្នែកច្បាប់អ៉ិនធឺណិតរបស់ក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាឥណ្ឌា ដែលបានបម្រើការងារលើផ្នែកនេះជាង ៣៥ឆ្នាំ និងទើបចូលនិវត្តន៍ បានលើកឡើងថា កម្មវិធី Telegram កង្វះសមត្ថភាពច្រើនណាស់ ហើយបច្ចុប្បន្ននេះវាបានក្លាយជាកន្លែងចែកចាយរូបភាព និងវីដេអូអាសអាភាសដ៏ពេញនិយម ព្រោះអី Telegram កង្វះការត្រួតពិនិត្យទៅលើចំណុចនេះ។ តម្លាភាពក៏ជាបញ្ហាសំខាន់ផងដែរសម្រាប់បណ្ដាញសង្គម ប៉ុន្តែសម្រាប់ Telegram គឺមិនមាននោះទេ។
លោក Anand Venkatanarayanan សហស្ថាបនិក និង CTO នៃក្រុមហ៊ុនបច្ចេកវិទ្យា DeepStrat បានផ្តល់ការវាយតម្លៃដ៏គួរឱ្យភ័យខ្លាចនៃកម្មវិធី Telegram ។ ដោយលោកបានលើកឡើងថា «Telegram គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់ឧក្រិដ្ឋជនតាមអ៉ិនធឺណិត» ដោយឧក្រិដ្ឋកម្មភាគច្រើន បានប្រើប្រាស់មុខងារ bot និង API របស់ Telegram ក្នុងការធ្វើសកម្មភាព៕