(ភូមិភាគឦសាន)៖ ពលរដ្ឋជាង២០០នាក់ បន្តចូលរួមធ្វើទស្សនកិច្ចទិសឦសានជើងទី៤ ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជាត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៤។ ក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដោយប្រើរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា។
ប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាន តាមការរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។
ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។
មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។
ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែងជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចអាទិត្យទី៦ ខែតុលា។
ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវបង្គោលព្រំដែននៅក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើលដោយផ្ទាល់នូវទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែន។
ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។
ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។
ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕