(កំពង់ធំ)៖ ក្នុងពិធីបិទការប្រណាំងទូកផ្កាចារនៅវត្តករណីដើម ឃុំកំពង់ចិនត្បូង ក្នុងស្រុកស្ទោង នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋមូលដ្ឋានរក្សាទំនៀមទម្លាប់ប្រពៃណីអុំទូកឲ្យបានគង់វង្ស ដើម្បីរក្សាកេរដំណែលដូនតា និងរួមចំណែកទាក់ទាញភ្ញៀវទេសចរ។
នាឱកាសនោះ លោកអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសរសើរដល់កីឡាករ កីឡាការិនី ដែលមានអធ្យាស្រ័យគ្នាខ្ពស់ក្នុងការលេងកម្សាន្ត មានការទទួលខុសត្រូវប្រកបដោយមិត្តភាព សាមគ្គីភាព ក៏ដូចជាថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយនិងផូរផង់ គួរឱ្យមានមោទកភាពក្រៃលែង និងបានថ្លែងអំណរគុណចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការ សប្បុរសជនជិតឆ្ងាយ ធនាគារ មីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជននានា ដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគដល់រដ្ឋបាលស្រុក ដើម្បីជាការឧបត្ថម្ភដល់កីឡាករ កីឡាការនី ដែលបានចូលរួមលេងកម្សាន្តសប្បាយក្នុងរយៈពេល៣ថ្ងៃនេះ ឱ្យកាន់តែវិសេសវិសាលថែមទៀតផង។
លោក នួន ផារ័ត្ន អំពាវនាវដល់យុវជនរួមគ្នាគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ពេលបើកបរទោះទៅទីជិតឬទីឆ្ងាយក៏ដោយ បើកបរដោយគោរពសិទ្ធិអាទិភាព មិនប្រើប្រាស់គ្រឿងស្រវឹង និងលើសល្បឿនកំណត់ បើកបរដោយយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងចៀសឆ្ងាយអំពីគ្រឿងញៀន។
តាមការបញ្ជាក់ពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ការប្រណាំងទូកផ្កាចារនេះ មានតាំងពីយូរយារណាស់មកហើយ ដល់ពេលបច្ចុបន្ននេះ ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងនៅតែបន្តប្រពៃណីទំនៀមទម្លាប់ និងជំនឿនៃការរៀបចំពិធីបុណ្យអុំទូកផ្កាចារនៅថ្ងៃភ្ជុំបិណ្ឌ និងក្រោយថ្ងៃភ្ជុំបិណ្ឌ ដែលឆ្នាំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែតុលា ដោយមានទូកចំនួន៤៧ទូក ហើយទូកនីមួយៗទទួលបាននូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងទឹកប្រាក់២០ម៉ឺនរៀល ពីអភិបាលខេត្តកំពង់ធំ ព្រះគ្រូចៅអធិការ គណៈកម្មការវត្តករណីដើម និងអភិបាលស្រុកស្ទោងផងដែរ៕