(រតនគិរី)៖ លោកស្រី ទៀង គន្ធា ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋជាង២០០នាក់ ដែលស្ម័គ្រធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា ក្នុងភូមិភាគឦសាន បានអះអាងថា តាមរយៈការចុះមកពិនិត្យព្រំដែនដោយផ្ទាល់នឹងភ្នែក ទើបជឿជាក់ថា ព្រំដែនកម្ពុជា មិនមានការរំកិល ដូចការចោទប្រកាន់ពីសំណាក់ក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសនោះទេ។
ក្នុងឱកាសផ្តល់បទសម្ភាសនៅជិតបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រី ទៀង គន្ធា បានបង្ហាញទឹកមុខញញឹម និងបង្ហាញការជឿជាក់ថា ទឹកដីកម្ពុជា មិនបាត់បង់ទៅបរទេសនោះទេ មូលហេតុដោយសារតែរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ចរចា និងបានបោះបង្គោលព្រំដែនបានយ៉ាងរឹងមាំ ដើម្បីកំណត់ពីទឹកដី បូរណភាព អធិបតេយ្យភាពកម្ពុជា ច្បាស់លាស់។
ស្ត្រីរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបសូមកុំចាញ់បោកការឃោសនារបស់ក្រុមប្រឆាំងចំពោះបញ្ហាទឹកដីនេះឱ្យសោះ ប្រើសិនបើចង់ដឹងច្បាស់សូមចុះឈ្មោះ ដើម្បីមកពិនិត្យឱ្យឃើញផ្ទាល់ភ្នែក ជៀសជាងចាញ់បោកការភូតបោកប្រាស់ពីសំណាក់បុគ្គលមួយចំនួននៅលើបណ្តាញសង្គម។
ក្នុងដំណើរទស្សនកិច្ចនេះប្រជាពលរដ្ឋ បានបង្ហាញទឹកមុខសប្បាយរីករាយ ក្រោយឃើញការអភិវឌ្ឍនៅតាមព្រំដែន ដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តរតនគិរី កម្លាំងសមត្ថកិច្ចព្រំដែន និងសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ៕
សូមស្តាប់ការលើកឡើងទាំងស្រុងដូចខាងក្រោម៖