(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ធំ បានណែនាំឱ្យផ្អាកអាជីវកម្មថតចម្លងឯកសាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ វិធានការនេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការលួចថតចម្លងឯកសារនានា ក្នុងកំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។
ក្រៅពីណែនាំឱ្យផ្អាកអាជីវកម្មថតចម្លងឯកសារហើយនោះ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ ការលើកទឹកចិត្ត និងការលើកកម្ពស់គុណភាពសមត្ថភាពរបស់បេក្ខជនដែលមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវ និងណែនាំលើកិច្ចការមួយចំនួនទៀតដូចខាងក្រោម៖
១៖ គ្រប់សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន អាហារដ្ឋាន និងទីតាំងលក់ម្ហូបអាហារទាំងអស់ មិនត្រូវដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ។
២៖ គ្រប់សេវាកម្មស្នាក់នៅ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចការពារដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ដោយសហការជាមួយកម្លាំងមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន។
៣៖ គ្រប់សេវាកម្មម្ហូបអាហារ ត្រូវរក្សាអនាម័យម្ហូបអាហារឱ្យបានល្អ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ មានធុងសំរាម ឬកន្ត្រក់ដាក់សំរាមគ្រប់គ្រាន់ នៅតាមតុអាហារ និងបន្ទប់ទឹកត្រូវមានអនាម័យ និងស្អាតជានិច្ច។
៤-ម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវធ្វើការចុះឈ្មោះភ្ញៀវចូលក្នុងសៀវភៅបញ្ជី នូវអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនងរបស់ភ្ញៀវដែលចូលមកស្នាក់នៅ។
សូមបញ្ជាក់ថា ខេត្តកំពង់ធំ
មានមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ស្មើនឹង ២២៨បន្ទប់ សរុបបេក្ខជនចំនួន ៥,៦៥៨នាក់។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ២មណ្ឌល ស្មើ ៥១បន្ទប់ បេក្ខជនចំនួន ១,២៥៤នាក់ និងថ្នាក់វិទ្យាសាស្ត្រ
សង្គម មានចំនួន ១១មណ្ឌល ស្មើនឹង ១៧៧បន្ទប់ បេក្ខជនចំនួន ៤,៤០៤នាក់។
សម្រាប់វិញ្ញាសារប្រឡងវិញ ត្រូវបានដឹកដល់ខេត្តកំពង់ធំអស់ហើយនៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤នេះ ហើយទទួលបានការចូលរួមសហការពីរដ្ឋបាលខេត្តរក្សាទុកបានយ៉ាងត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពខ្ពស់៕