(រតនគិរី)៖ ដំណើរទស្សនកិច្ចទិសឦសានជើងទី៤ លើតម្រាយផ្លូវខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២៤ គឺជាដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋជាង ២០០នាក់ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
ជាមួយនឹងដំណើរទស្សនកិច្ចដោយពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងមូលដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។
លោកយាយ ជុំ នាង មានព្រះជន្មាយុ៧៦ឆ្នាំ មកពីរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងជឿជាក់ថាដោយមោទនភាពថា៖ «បើទោះបីជាខ្ញុំឈឺជើងក៏ពិតមែន តែខ្ញុំត្រូវតែមកមើលព្រំដែន ដើម្បីបានដឹងច្បាស់លាស់ និងប្រាប់កូន ចៅថា ព្រំដែនរបស់កម្ពុជា មិនបានបាត់ទៅណានោះ ពីព្រោះមានបង្គោលរឹងមាំ ដែលបានបោះសម្រាប់កំណត់ទឹកដី»។
ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋបានអះអាងថាការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។
ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។
ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់៕
សូមស្តាប់ការលើកឡើងរបស់លោកយាយ ជុំ នាង ដូចខាងក្រោម៖